(កំពង់ស្ពឺ)៖ ព្រៃសហគមន៍ចំនួន៩ បានចុះកិច្ចព្រមព្រាង លើសៀវភៅផែនការគ្រប់គ្រងព្រៃសហគមន៍ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការរៀបចំរបស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល សហការណ៍ជាមួយអង្គការម្លប់បៃតង ក្រោមជំនួយពីសហភាពអឺរ៉ុប។
ក្នុងពិធីចុះកិច្ចព្រមព្រាងនេះ មានការចូលរួមពី លោក វ៉ាន់ សុខា តំណាងអភិបាលខេត្តកំពង់ស្ពឺ លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ លោកអភិបាលស្រុកភ្នំស្រួច និងលោក ទិន ផាន់ទី នាយរងអធិការដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប។
ពិធីចុះហត្ថលេខាលើផែនការគ្រប់គ្រងព្រៃសហគមន៍ ដែលបានប្រារឰនាពេលនេះ មានអត្ថន័យដ៏ជ្រាលជ្រៅ សំរាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋមូលដ្ឋាន អោយចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងព្រៃឈើ ធានាសិទ្ធិប្រើប្រាស់ដល់សហគមន៍ព្រៃឈើ ស្របតាមផែការគ្រប់គ្រងព្រៃសហគមន៍នេះ។ ដើម្បីអនុវត្ដផែនការគ្រប់គ្រងព្រៃហសហគមន៍ អោយកាន់តែមានប្រសិទ្ធិភាព និងមាននិរន្ដរភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង៩ បានប្ដេជ្ញាចិត្ដគោរព និងអនុវត្ដន៍តាមលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធនឹងសហគមន៍ព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ធ្វើការគ្រប់គ្រង ប្រើប្រាស់ ការពារ ថែរក្សា អភិរក្ស អភិវឌ្ឍន៍ព្រៃសហគមន៍អោយមាននិរន្ដរភាព។
ជាងនេះទៅទៀត អនុវត្ដន៍តាមការណែនាំលើបច្ចេកទេស និងកិច្ចដំណើរការរៀបចំសហគមន៍ព្រៃឈើពីស្ថាប័នជំនាញ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង អភិវឌ្ឍន៍ធនធានព្រៃសហគមន៍ ក្នុងមូលដ្ឋានអោយបានល្អប្រសើរ។
ជាពិសេស ជម្រុញការចូលរួមសកម្មភាពគ្រប់គ្រងព្រៃសហគមន៍ ពីសមាជិកសហគមន៍ព្រៃឈើទាំងអស់ និងប្រើប្រាស់ផល-អនុផលព្រៃឈើ ស្របតាមសក្ដានុពល និងលទ្ធភាពធនធានព្រៃក្នុងសហគមន៍ ជាលក្ខណៈប្រពៃណីសំរាប់ការរស់នៅ ទំនៀមទំលាប់ និងជំនឿសាសនា។
ជាមួយគ្នានេះដែរខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល និងមន្ដ្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាលទាំងមូល ដែលបានធ្វើកិច្ចសហការល្អជាមួយ អង្កការដៃគូក្នុងខេត្ត សម្រេចបាននូវលទ្ធផលជាក់ស្ដែង តាមរយៈការចុះហត្ថលេខាលើផែនកាគ្រប់គ្រងព្រៃសហគមន៍។ នេះជាសក្ខីភាពមួយ បញ្ជាក់ពីការយកចិត្ដទុកដាក់ចំពោះប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕