(ភ្នំពេញ)៖ ប្រជាពលរដ្ឋ១៩គ្រួសារ រស់នៅភូមិព្រែកជាងព្រំ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងក្រុមហ៊ុន ផាន អ៊ីម៉ិច ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានរំលោភដីកម្មសិទ្ធិរបស់ពួកគាត់ ដែលរដ្ឋបានចែកឲ្យតាំងពីឆ្នាំ១៩៧៩មក ហើយថាក្រុមហ៊ុននេះ បានដាក់គ្រឿងចក្រលុបបឹង ធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងបំពានទៀតផង។

តំណាងប្រជាពលរដ្ឋដែលរងនូវភាពអយុត្តិធម៌ បានប្រាប់អ្នកយកព័ត៌មានថា ពួកគាត់បានប្តឹងក្រុមហ៊ុននេះ ទៅអាជ្ញាធរឲ្យជួយដោះស្រាយរួចហើយ ដោយអាជ្ញាធរបានកំណត់ថ្ងៃទី១៨ ខែឧសភាស្អែកនេះ ដើម្បីឲ្យតំណាងប្រជាពលរដ្ឋ និងក្រុមហ៊ុនជួបគ្នាដោះស្រាយ ប៉ុន្តែក្រុមហ៊ុននេះ មិនបានស្តាប់នោះឡើយ គឺនៅតែបំពានថែមទៀត។

តំណាងប្រជាពលរដ្ឋរងគ្រោះ បានលើកដៃសំពះប្រណម សូមឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានីហ៊ុនសែន មេត្តាជួយពួកគាត់ ចំពោះរឿងរ៉ាវដ៏អយុត្តិធម៌នេះផង ព្រោះថា បើអស់ដី និងបឹងនេះពួកគាត់ពិបាករស់នៅខ្លាំងណាស់។

បើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្តឹងក្រុមហ៊ុន ផាន អ៉ីម៉ិច នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក បានដាក់គ្រឿងចក្រឈូសឆាយកម្ទេច បង្គោលបេតុងដែលជាព្រំប្រទល់ រវាងភូមិព្រែកជាងព្រំ និងភូមិស្វាយតាអុក ដែលបោះបង្គោលតាំងតែពីឆ្នាំ២០០៨មកម្ល៉េះ ដោយក្រុមហ៊ុននេះយកលេសថា ពួកគាត់ដែលជាប្រជាពលរដ្ឋ ទើបបោះបង្គោលព្រំនេះ ក្នុងពេលចូលឆ្នាំខ្មែរ ឆ្នាំ២០១៦ទៅវិញ។

តំណាងប្រជាពលរដ្ឋដដែល បានទទួចហើយទទួចទៀត ដល់រាជរដ្ឋាភិបាល ពិសេសរដ្ឋមន្ត្រីក្រសួងដែនដីថ្មី មេត្តាចុះពិនិត្យនិងស្រាវជ្រាវករណី រំលោភបំពានទាំងបំពាន ពីសំណាក់អ្នកមានលុយ មានអំណាច មកលើប្រជាពលរដ្ឋនេះផង។

គួរបញ្ជាក់ថា ថ្មីៗនេះលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានព្រមានខ្លាំងៗថា នឹងដាក់ឈ្មោះមន្ត្រី ឬបុគ្គលណា ទោះឋានៈប៉ុណ្ណាក៏ដោយ ឲ្យតែរំលោភបំពានដីប្រជាពលរដ្ឋ ក្រសួងនឹងដាក់ឈ្មោះ ចូលក្នុងបញ្ជីស្បែកខ្មៅ និងរាយការណ៍ជូនសម្តេចតេជោ ហើយលោករដ្ឋមន្ត្រី បញ្ជាដាច់ខាតមិនឲ្យមន្ត្រីរបស់ខ្លួន ចុះហត្ថលេខាផ្ទេរឬប្រគល់ ប័ណ្ណកម្មសិទ្ធិឲ្យបុគ្គលរំលោភបំពាននោះទេ៕