(កណ្តាល)៖ បន្ទាប់ពីអង្គភាព Fresh News បានចុះផ្សាយករណីសង្វៀនបញ្ជល់មាន់ដ៏ធំ ដោយមានមនុស្សទាំងជនជាតិខ្មែរ និងវៀតណាម នាំគ្នាទៅលេងយ៉ាងភ្លុកទឹកភ្លុកដីក្នុងមួយថ្ងៃៗ មានទីតាំងស្ថិតនៅបន្ទាយវរនគរបាលការពារព្រំដែនខេត្តកណ្តាលលេខ៦០៥នោះ ស្រាប់តែមេវរ: លោក លុយ ធៀម ចេញមកបដិសេធថា គ្មាននោះទេ នៅក្នុងបន្ទាយរបស់លោក។
ក្រោយឃើញមេវរ:ចេញមកបដិសេធយ៉ាងដូច្នេះ ស្រាប់តែមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់របស់ខេត្តកណ្តាលម្នាក់ អត់ទ្រាំមិនបាន ក៏បានទូរស័ព្ទមកកាន់អង្គភាព Fresh News ប្រាប់បន្ថែម ពីល្បែងជល់មាន់មួយនេះ ពីព្រោះមេវរ:៦០៥ ចោទថា Fresh News ផ្សាយព័ត៌មានគ្មានវិជ្ជាជីវ: ចេះតែចុះមិនបានទៅយកផ្ទាល់ជាក់ស្តែង។
មន្រ្តីសមត្ថកិច្ចខាងលើដែលសូមមិនបញ្ចេញឈ្មោះ ហើយមើលទៅដឹងរឿងច្បាស់ពីទីតាំងសង្វៀនជល់មាន់នោះ បាននិយាយថា «អ្វីដែលបង (Fresh News) ចុះផ្សាយនោះ គឺមិនខុសឡើយ ខុសនោះ គឺមេវរ:៦០៥ តែម្តង ចេះតែបដិសេធខុសទំនង។ តាមពិតមានហើយ អា ជល់មាន់នេះក៏ប៉ុន្តែ វាមិនស្ថិតនៅក្នុងបន្ទាយវរ:៦០៥ ទេ គឺ ស្ថិតនៅប៉ុស្តិការពារព្រំដែន ភូមិបាក់ណាម (ខ្នាតាំងយូរ) ឃុំព្រែកជ្រៃ ស្រុកកោះធំ (វរ:៦០៥ មានប៉ុស្តិចំនួន៤)។ មិនត្រឹមតែមានល្បែងជល់មាន់នោះទេ តែក៏មានវង់ល្បែងផ្សេងទៀតដែរ ដូចជា តុ បៀរ តៃសីុវ អាប៉ោង ហើយម្ចាស់ទីតាំង គឺ អាធុយ ជាកូនប្រុសសំណព្វចិត្តលោក លុយ ធៀម ជាមេវរ:នោះតែម្តង»។
បើតាមមន្រ្តីសមត្ថកិច្ចរូបនេះ ពីមុនផ្លូវជាតិលេខ១១០ មិនទាន់ធ្វើហើយ គឺមិនសូវមានអ្នកទៅលេងនោះទេ តែក្រោយផ្លូវធ្វើរួចមក មានជនជាតិវៀតណាម ម៉ាគគោកមកលេងមួយថ្ងៃៗ រាប់រយនាក់ ដល់ពាន់ទៀតផង តែសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ មើលមិនឃើញនោះទេ ក៏ព្រោះតែម្ចាស់សង្វៀន បាននាំសំណែនមកថ្វាយរួចជាស្រេច ចឹងមានតែអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ទេ ដែលអាចជួយទប់ស្កាត់ករណីនេះបាន។
ខាងក្រោមនេះ គឺជារូបភាពជល់មាន់ នៅវេលាម៉ោង ប្រមាណ១២ ថ្ងៃត្រង់ទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ៕