(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Remco Johannes va Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងឱកាសដែលលោកបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលគាល់ព្រះមហាក្សត្រ និងថ្វាយសារតាំង។

ក្នុងជំនួបនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ហូឡង់ ជាពិសេសសកម្មភាពផ្លាស់ប្តូរនៅក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ទោះបីជាមានផលប៉ះពាល់ខ្លះបង្កឡើងជំងឺរាតត្បាតសាកលកូវីដ-១៩ ក៏ដោយ។

ក្នុងនាមប្រជាជនកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងការអរគុណចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជន ក៏ដូចជាកងទ័ពហូឡង់ ដែលតែងបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រកម្ពុជា នៅក្នុងកិច្ចការសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការជួយដល់សកម្មភាពកំចាត់មីននៅកម្ពុជា, ការគាំទ្រផ្នែកថវិកាដល់ដំណើរការរបស់តុលាការកាត់ទោសខ្មែរក្រហម និងការផ្តល់ជំនួយវ៉ាក់សាំង AstraZeneca តាមរយៈយន្តការ COVAX ដល់កម្ពុជាជាដើម ដែលទាំងនេះពិតជាបានរួមចំណែកបង្កលទ្ធភាពដល់កម្ពុជាក្នុងការសម្រេចបាននូវជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យរហូតដល់ពេលនេះ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានរំលឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងហូឡង់ និងកម្ពុជា នៅក្នុងការដោះដូរពាណិជ្ជកម្មតាមដងទន្លេមេគង្គ ហើយមកទល់សព្វថ្ងៃនេះទំហំពាណិជ្ជកម្មទ្វេភាគី រួមទាំងវិស័យទេសចរណ៍ផង ក៏បន្តកើនឡើងគួរឲ្យកត់សម្គាល់ និងប្រកបដោយសក្តានុពល។

ទន្ទឹមការវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវឯតទគ្គកម្មជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅមុនការរាតត្បាតនៃជំងឺកូវីដ១៩ លោកឯកអគ្គរាជទូត ក៏បានកោតសរសើរដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព នៅក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តយ៉ាងឆាប់រហ័សនូវយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស រហូតសម្រេចបាននូវជោគជ័យដ៏អស្ចារ្យដូចពេលនេះ។

លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ផងដែរចំពោះដំណើរវិវត្តន៍ជាវិជ្ជមាន នៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលស្តែងឡើងតាមរយៈដំណើរការរៀបចំជាប្រក្រតី នៃការបោះឆ្នោតឃុំ-សង្កាត់ នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ ព្រមទាំងសង្ឃឹមថា ជោគជ័យនៃដំណើរការប្រជាធិបតេយ្យនេះ គឺជាជោគជ័យរួមសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកឯកអគ្គរាជទូត ក៏បានសម្តែងនូវគោលបំណង និងក្តីសង្ឃឹម ក្នុងការជំរុញឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ ដោយរួមទាំងការបើកច្រកកិច្ចសហប្រតិបត្តិការក្នុងកម្រិតណាមួយរវាងកងទ័ពកម្ពុជា និងហូឡង់ ផងដែរ៕