(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសុពលភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីដែលបានកាត់ឆ្វៀលពីតំបន់២ មកជាតំបន់១ មានផ្ទៃដីសរុបចំនួន ១៤,៣៥១ហិចតា ស្មើនឹង ២,៦៤២គ្រួសារ នៅក្នុងសង្កាត់អូរកន្ធរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាឱកាសនោះលោក ងួន រតនៈ បានថ្លែងថា ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះ គឺការចុះបញ្ជីដីធ្លី ទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹង ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អចលនវត្ថុ ជាឯកសារសំអាង រឹងមាំ ដោយមិននណាម្នាក់មកបំពានយកដី ព្រំប្រទល់ដីបាននោះទេ។

លោកបានបញ្ជាក់ថានេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២នេះ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីតំបន់២ ឱ្យមានសិទ្ធិបន្ថែមលើការគ្រប់គ្រង ការចាត់ចែង អាចផ្តល់ជាអំណោយឱ្យទៅកូន ឬដាក់បញ្ចាំ និងលក់ដីបន្តបាន ហើយនេះ គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើនផ្សេងទៀតសម្តេចបានគិតគូរពីសុខមាលភាព អាយុជីវិត និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅសង្កាត់អូរកន្ធរ និងសង្កាត់ស្រយ៉ូវ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ បានអបអរសារទរ សប្បាយចិត្តរីករាយ ដែលសម្តេចតេជោ បានយកចិត្តទុក្ខដាក់ពីផលលំបាករបស់ពួកគាត់ ដែលមានដីកំពុងអាស្រ័យផលនៅក្នុងតំបន់២ ដោយផ្តល់សិទ្ធិពេញលេញ អាស្រ័យផលស្របច្បាប់ ដោយឆ្វៀលចេញពីដីតំបន់២ មកតំបន់១វិញ។ សូមគោរពជូនពរសម្តេចតេជោ មានសុខភាពល្អ បន្តដឹកនាំប្រទេសជាតិ មានការរីកចម្រើន សម្បូរសប្បាយ ក្រោមម្លប់សន្តិភាពបន្តទៀត៕