(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ជិន វៀតជឿង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលបីថ្ងៃ។

ក្នុងជំនួបនេះ លោក ជិន វៀតជឿង បានធ្វើការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន និងបានថ្លែងនូវការអបអរសាទរក្នុងឱកាសខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅក្នុងឆ្នាំ២០២២នេះ។

លោកបានលើកទ្បើងផងដែរថា ទីក្រុងកឹនធើ មានប្រវត្តិទំនាក់ទំនងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជននិងប្រជាជន ហើយបន្តទៅមុខទៀត លោកសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារហូតមក និងបានសម្តែងនូវការគាំទ្រឲ្យមានការជំរុញ អ្នកវិនិយោគពីក្រុងកឹនធើមកកម្ពុជា ឲ្យបានកាន់តែច្រើនទ្បើង។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ ក៏បានអញ្ជើញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅទីក្រុងកឹនធើ ប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខផងដែរ៕