Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅដល់ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីហើយ

17-05-2016 12:10

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ១២៖០០នាទីព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់អាកាសយានដ្ឋាន Vnukovo ដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-រុស្ស៊ី រយៈពេល៤ថ្ងៃ។

នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះនឹងមានកម្មវិធីពេញមួយថ្ងៃហើយ នឹងត្រូវជួបក្មួយៗនិស្សិតខ្មែរដែលកំពុងរៀននៅរុស្ស៊ី នៅព្រឹកស្អែកមុនពេលចេញទៅក្រុងស៊ុតឈី ដែលជាកន្លែងប្រជុំអាស៊ានរុស្ស៊ី»

នេះជាទស្សនកិច្ចលើកទី១ ជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅកាន់សហពន្ធ័រុស្សី បន្ទាប់ពីប្រទេសមហាអំណាចនេះបែកចេញពីសហភាពសូវៀត។ បើទោះបីស្ថានការណ៏ពិភពលោកមានការប្រែប្រួល និងស្មុគ្រស្មាញយ៉ាងណាក៏ដោយកម្ពុជា និងរុស្សី នៅតែរក្សាបាននូវចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តុការល្អប្រសើរ និងមានការរីកចម្រើនជាលំដាប់។ ឆ្នាំនេះយើងរួមគ្នាប្រារព្វខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្សី។

កិច្ចប្រជុំនេះ ធ្វើឡើងពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០១៦។ អំឡុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយ លោក Dmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរសម្ដេចតេជោ ហ៊ុន សែន ធ្វើទស្សនកិច្ចនៅរុស្ស៊ីនាពេលនេះ រួមមាន៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕