(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃ លើកុមារីអាយុ៥ឆ្នាំ នៅខណ្ឌទួលគោក ហើយត្រូវបានគេបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យរូបនេះ ពាក់ព័ន្ធករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើកូនស្រីចិញ្ចឹម ដោយឃាត់ខ្លួន
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣៖៣០នាទីយប់ នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវជាម្តាយចិញ្ចឹមឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយឡែកម្តាយចិញ្ចឹមជាជនសង្ស័យនោះឈ្មោះ កេង សុភា អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមលោក សាន សុខសីហា បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។ ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់។

ដោយឡែកគណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក៏បានថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា។ ជាមួយគ្នានេះ ក.ជ.ក សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។

គណៈកម្មការការពារកុមារថ្នាក់ជាតិ បានអះអាងទៀតថា ករណីនេះបានធ្វើឲ្យមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕