(ភ្នំពេញ)៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle ត្រូវបានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម មុននឹងគេធ្វើដំណើរទៅសហរដ្ឋអាមេរិកវិញ ។ ជាមួយគ្នានោះ Jordan Pisey បានសន្យាជាមួយលោកទេសរដ្ឋមន្ដ្រីថា នឹងត្រឡប់មកជួយវិស័យកីឡាលោតទឹកកម្ពុជា និងចូលរួមប្រកួតលើឆាកអន្ដរជាតិ ក្នុងនាមតំណាងប្រទេសជាតិកម្ពុជាផងដែរ ។
យោងតាមប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កាលពីម្សិលមិញនេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអនុញ្ញាតឲ្យកីឡាករកូនខ្មែរសញ្ជាតិអាមេរិក Jordan Pisey ចូលជួប និងសួរពីជីវៈប្រវត្តិ រួមទាំងការហ្វឹកហាត់ខ្លះៗរបស់អតីតកុមារកំព្រាមកពីខេត្តព្រៃវែងរូបនេះ ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានស្នើសុំទៅលោក Jerry Windle ដែលជាឪពុកចិញ្ចឹមរបស់ Jordan Pisey ដើម្បីឲ្យ Jordan Pisey មកចូលរួមជាមួយក្រុមលោតទឹកជម្រើសជាតិកម្ពុជា សម្រាប់ចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ ។ ជាការឆ្លើយតបដោយភាពត្រេកអរក្រៃលែង កីឡាករ Jordan Pisey បានសន្យាថា នឹងមកចូលរួមជាកីឡាករជម្រើសជាតិ លោតទឹករបស់កម្ពុជា នាថ្ងៃអនាគត ហើយបានប្តេជ្ញាចិត្តដណ្ដើមយកមេដាយជូនកម្ពុជាឲ្យខានតែបានទៀតផង ។
ក្រោយទទួលបានការសន្យាបែបនេះ លោក ស៊ុន ចាន់ថុល បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ Jordan Pisey ព្រោះគេជាជនជាតិខ្មែរ ។ លោកសង្ឃឹមថា ប្រសិនបើ Jordan Pisey Windle ចូលរួមជាក្រុមជម្រើសជាតិលោកទឹកកម្ពុជាមុន SEA Games ឆ្នាំ២០១៧ នៅម៉ាឡេស៊ីមកដល់ នោះកម្ពុជានឹងមានសង្ឃឹមខ្ពស់ក្នុងការដណ្ដើមបានមេដាយលើវិញ្ញាសាលោតទឹកនេះ ។
គួរបញ្ជាក់ផងដែរថា Jordan Pisey ជាកុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយមានវាសនាទៅរស់នៅអាមេរិកតាំងពីអាយុ ២ឆ្នាំ ក្រោមការចិញ្ចឹមបីបាច់ថែរក្សាដោយបុរសជនជាតិអាមេរិកលោក Jerry Windle ។ ប៉ុន្ដែឥឡូវគេបានវិវត្តន៍ខ្លួនក្លាយជាកីឡាករលោតទឹកជម្រើសជាតិអាមេរិក ហើយគេក៏កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នាខែសីហា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ ៕