(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ បណ្តាយអោយរលំផ្ទះ និងរបើកដំបូល ចំនួន៤៤គ្រួសារ មកពី០៦ភូមិ ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
អំណោយទាំងនោះ ត្រូវបាននាំយកទៅជូនប្រជាពលរដ្ឋ ពីសំណាក់ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយរបស់សម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណ វត្តភ្នំក្រោម ក្រុងសៀមរាប។
លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ស្ថានភាពរងគ្រោះ ដោយខ្យល់កន្ទ្រាក់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ បានធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤៤គ្រួសារ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ទទួលរងគ្រោះដោយ ក្នុងនោះបណ្តាលឲ្យរលំផ្ទះចំនួន១២ខ្នង និងរបើកដំបូល៣២ខ្នងផងដែរ។
ក្នុងនោះមាន គ្រួសាររលំផ្ទះ ទទួលបានអំណោយ សង្ក័សី១០សន្លឹក ថវិកា១០០.០០០រៀល អង្ករ២៥គីឡូក្រាម និងគ្រួសារផ្ទះរបើកដំបូល ទទួលបាន សង្ក័សី១០សន្លឹក ថវិកា៣០០០០រៀល អង្ករ២៥គីឡូក្រាម និងអ្នករងរបួសស្រាល៧ នាក់ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ក្នុងអំណោយនោះ គឺលោក ឃឹម ប៊ុនសុង និងលោកភរិយា ជាអ្នកឧបត្ថម្ភថវិកាជូនបងប្អូន ដែលរងគ្រោះដោយខ្យល់កន្រ្តាក់។
ក្រោយពីបានចុះចែកអំណោយមនុស្សធម៌ នៅសង្កាត់ចុងឃ្នៀស លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅជូនប្រជាពលរដ្ឋ ដែលរងរបួស ដោយសារផ្ទះរលំ សង្កត់ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ហើយបានបញ្ជូនមកសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត៕