(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានអះអាងថា កម្មករ កម្មការិនីទាំងអស់ ដែលត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដើម្បីធ្វើដំណើរទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នោះ ពេលត្រឡប់មកវិញមិនតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ ដល់ថៅកែ ឬអ្នកក្រុមគ្រួសារ ក្នុងរោងចក្រ សហគ្រាសនោះឡើយ។

ក្រសួងការងារបានបន្ថែមទៀតថា ចំពោះកម្មករនិយោជិត ដែលអវត្តមានហួសពីច្បាប់អនុញ្ញាតដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន។ ដោយឡែក និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ឲ្យបានមុនថ្ងៃទៅបោះឆ្នោត។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុ នសិន។

សូមជម្រាបថា រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមឲ្យកម្មករនិយោគជិត ឈប់សម្រាក១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដើម្បីទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ, ដោយសរុបកម្មករនិយោគជិត បានឈប់សម្រាកសរុបចំនួន៣ថ្ងៃ៕