(ភ្នំពេញ)៖ ដើម្បីចូលរួមដោះស្រាយឧបសគ្គចម្បងមួយចំនួន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមការគាំទ្ររបស់ការិយាល័យកិច្ចការបរទេស នៃសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដែលនឹងដំណើរការក្នុងរយៈពេល៦ខែ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសហគមន៍ និងមន្ត្រីនគរបាល ព្រមទាំងជូនដំណឹងដល់សាធារណជន អំពីសកម្មគាំទ្រនានាដែលមានស្រាប់ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាការពង្រឹងសមត្ថភាព និងជំនាញដល់មន្ដ្រីនរគបាល ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោក Felipe De La Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ន UNODC បានថ្លែងថា «UNODC មានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមចំណែកដល់ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) ២០១៩-២០២៣ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ។ យើងមានគោលបំណងបញ្ជ្រាបចំណេះដឹង អំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើងនៅ ក្នុងទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្ម ដែលមានសម្រាប់ជនរងគ្រោះ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមរបស់សហគមន៍ផងដែរ»

លោកបានបន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃសកម្មភាពទាក់ទាញការគាំទ្រមតិ និងបង្កើនការយល់ដឹងនៃគម្រោងរបស់ UNODC ដែលផ្តោតលើវិធីសាស្ត្រនគរបាលសហគមន៍ក្នុងការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា គម្រោងនេះផ្ដោតទៅលើការកសាងសមត្ថភាពមន្ត្រីនគរបាលជួរមុខទាំងបុរស និងស្ត្រីដោយផ្តោតលើការពង្រឹងជំនាញកំណត់អត្តសញ្ញាណ ជំនាញរាយការណ៍ និងសរសេររបាយការណ៍អំពីឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពខណ្ឌសហគមន៍ចំនួន៦ ស្ថិតនៅក្នុងខណ្ឌចំនួន៣ នៅក្នុងរាជធានីភ្នំពេញ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានរកឃើញថា ជាសហគមន៍កំពុងប្រឈមហានិភ័យខ្ពស់ នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ ផ្ដោតលើក្រុមគោលដៅជាច្រើន ជាពិសេសស្ត្រីដែលមានអាយុចន្លោះពី១៥ ទៅ ៤៩ឆ្នាំ។ យុទ្ធនាការនេះនឹងបានទៅដល់សាធារណជន តាមរយៈការផ្សព្វផ្សាយសារផ្សេងៗ តាមប្រព័ន្ធអនឡាញ និងការបោះពុម្ភ។ ក្នុងនោះក៏មានសារចែករំលែក ដោយបុគ្គលសាធាណៈមកពីវិស័យផ្សេងៗគ្នាផងដែរ។

ជាមួយនឹងការប្រើប្រាស់ hashtag # ឈប់ទ្រាំនឹងអំពើហិង្សា និងសារគន្លឹះ «មានអាជ្ញាធរ និងអ្នកជំនាញចាំជួយអ្នកជានិច្ច» យុទ្ធនាការនេះមានគោលបំណងលើកទឹកចិត្តដល់ជនរងគ្រោះ និងសាក្សីត្រូវហ៊ានជំនះគំនាបវប្បធម៌ និងសង្គមពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវហ៊ាននិយាយតាមរយៈការបណ្តុះមតិ និងអារម្មណ៍វិជ្ជមានចំពោះការស្វែងរកជំនួយនៅពេលចាំបាច់។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងលោកស្រី ស ស៊ីណែត អគ្គនាយិការរងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី ដែលទទួលស្គាល់ថា ជាជើងឯកប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានមានប្រសាសន៍ ក្នុងពិធីសម្ពោធនេះដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្របដណ្ដប់ ទៅលើសហគមន៍ដែលងាយរងគ្រោះបំផុត។

ថ្លែងក្នុងសន្ទរកថាបិទកម្មវិធី លោកស្រី Dr Angelika Stauder លេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកឡើងថា៖ «មន្ត្រីនគរបាលតែម្នាក់ឯង មិនអាចដោះស្រាយអំពើហិង្សាលើស្រ្តី និងក្មេងស្រីបានទេ។ នេះជាបញ្ហាសង្គមដែលទាមទារឱ្យមានការឆ្លើយតបពីសង្គមទាំងមូល។ ប៉ុន្តែកម្លាំងនគរបាល គឺមានអំណាច និងការទទួលខុសត្រូវជាពិសេស នោះគឺជាការការពារជនរងគ្រោះពីហានិភ័យបន្ថែមទៀតការតាមចាប់ជនល្មើស និងការទប់ស្កាត់ឧក្រិដ្ឋកម្មនានា។

លោកស្រី Dr Angelika Stauder បានបង្ហាញការសង្ឃឹមយុទ្ធនាការផ្សព្វផ្សាយផ្សព្វផ្សាយសាធារណៈនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការដឹកនាំជនរងគ្រោះឆ្ពោះទៅរក និងប្រើប្រាស់សេវាផ្តល់ដោយនគរបាល និងសេវាធានាសុវត្ថិភាពដែលមានស្រាប់ដទៃទៀត៕