(មែលប៊ន)៖ អូស្ត្រាលី ជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយសត្វកង់ហ្គូរូ ច្រើនជាងគេបំផុត ជាពិសេស វាគឺជាសត្វតំណាងឲ្យប្រទេសមួយនេះថែមទៀត ប៉ុន្តែការកើនឡើងនៃសត្វកង់ហ្គូរូ​ បានគំរាមកំហែង និង​បង្ក​ជា​បញ្ហាដល់​ប្រទេសអូស្ត្រាលីផងដែរ រហូតដល់រដ្ឋាភិបាលបានសម្រេចចិត្តសម្លាប់សត្វកង់ហ្គូរូ ជិត ២០០០ក្បាល ជារៀង​រាល់ឆ្នាំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា។

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានចាប់ផ្ដើមសម្លាប់សត្វកង់ហ្គូរូ ដោយផ្ដើមពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី០១ ខែសីហា ដោយក្នុងនោះសត្វកង់ហ្គូរូ ចំនួនជាង ១៩០០ក្បាល នឹងត្រូវសម្លាប់។

តាមការប​ញ្ជាក់ ការកើនឡើងនៃសត្វកង់ហ្គូរូ បានបង្កនូវហានិភ័យជាច្រើនដល់​បរិស្ថានក្នុងតំបន់ ដូច្នេះហើយទើប​រដ្ឋាភិបាល ដាច់ចិត្តត្រូវសម្លាប់សត្វតំណាងប្រទេសរបស់ខ្លួន។ សម្រាប់ការសម្លាប់សត្វនេះ ត្រូវបានរដ្ឋាភិបាល​អូស្ត្រាលី ទម្លាក់ភារកិច្ចទៅឲ្យអង្គការ «ដែនដីរដ្ឋធានីអូស្រ្តាលី ហៅកាត់ថា ACT» ដោយមានតំបន់ចំនួន ១០ ដែលត្រូវចាប់ផ្ដើម​សម្លាប់សត្វកង់ហ្គូរូ។

គួរបញ្ជាក់ផងដែរថា ការសម្លាប់សត្វកង់ហ្គូរូនេះ គឺជាផែនការប្រចាំឆ្នាំរបស់រដ្ឋាភិបាលអូស្ត្រាលី ដោយពីរឆ្នាំកន្លងទៅនេះ មានសត្វកង់ហ្គូរូ ជាង ៤០០០ក្បាល ត្រូវបានសម្លាប់៕