(ភ្នំពេញ)៖ ជនត្រូវជាប់សង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក និងប្រជាការពារដេញតាមប្រមាញ់ ចាប់ក្របួចបាន ភ្លាមៗម្នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលក្រោយ ពីជននេះបានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះដែលកំពុង ជិះបើកម៉ូតូ ចេញពីរោងចក្រដើម្បីត្រឡប់ទៅផ្ទះវិញ។

ករណីចោរឆក់កាបូបលុយខាងលើបានកើតឡើងកាលពីវេលាម៉ោង ៤៖រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុច តាមបណ្ដោយផ្លូវបេតុង ក្រុមទី៤ ភូមិឡកំបោរ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ថា ជនត្រូវសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះ​នូ សារី (ហៅញ៉ាញ់) អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន និង ទី២ឈ្មោះ ហេង ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ បានរត់គេចខ្លួនបាត់ទៅ ហើយរួមទាំងដកហូតម៉ូតូ១គ្រឿង ម៉ាកគុបមូល ពណ៍ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1E-7326 ដែលជនសង្ស័យទាំង២នាក់ជិះ ធ្វើសកម្មភាព។

រីឯជនរងគ្រោះឈ្មោះ កុល​ លក្ខិណា ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំណែកសម្ភារ ដែលត្រូវចោរឆក់យកទៅបាត់នោះរួមមាន៖​ ទូរសព្ទ័ដៃចំនួន ០២គ្រឿង១ម៉ាក​សាំសុង២ម៉ាក​ណូគា ចុចពិល៣និងថវិកា ចំនួន៧០ដុល្លារផងដែរ។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ទៀតថាមុនកើតហេតុ ជនរងគ្រោះបានជិះបើកម៉ូតូចេញពីរោងចក្រ គីឡូ ម៉ែត្រលេខ១០ សំដៅទៅផ្ទះលុះមកដល់ចំណុចកើត ហេតុ ស្រាប់តែលេចមុខ​ជនសង្ស័យមានគ្នា២នាក់ជិះបើក ម៉ូតូ១គ្រឿង តាមពីក្រោយមកធ្វើសកម្មភាពឆក់កាបូបបាន សម្រេចតែម្តង។

មន្ត្រីនគរបាលបានបន្តថា ក្រោយពីជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពឆក់រួចក៏បានជិះម៉ូតូរត់គេចខ្លួនរហូតមកដល់ចំណុចក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងប្រជាការពារសហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ស្វាយប៉ាក ដេញតាមឡោមព័ទ្ធចាប់ ក្របួចបានម្នាក់ខណៈជនសង្ស័យ ជាបក្ខពួកម្នាក់ទៀត ដែលអង្គុយពីក្រោយនិងជាអ្នកឆក់កាបូប បានលោតចុះពីលើម៉ូតូ រត់គេចខ្លួនបាត់ស្រ មោលតែម្ដង។

មន្ត្រីនគរបាលបានបន្ថែមថា បច្ចុប្បន្នជនត្រូវសង្ស័យជាចោរ ឆក់កាបូបម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ចាត់ការតាមនីតិវិធីច្បាប់ព្រមទាំងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនដោយយកទាំងការបូបដាក់ប្រាក់ ទៅបាត់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕