(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាមួយខ្នង របស់អនុវិទ្យាល័យខ្លាចរមាស ស្រុកបវេល ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីទុកឱកាសឲ្យថ្នាក់មូលដ្ឋាន បន្តបម្រើការងារជូនប្រជាពលរដ្ឋតាមតម្រូវការរបស់ប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានបន្ដទៀតថា កន្លងមកនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដឹងសុខទុក្ខ និងបម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា។ សម្ដេចបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនយ៉ាងឆាប់រហ័សគួឲ្យកត់សម្គាល់។ ដោយសារមានសន្តិភាពនេះហើយ ទើបយើងមានឱកាសកសាងប្រទេសបាន បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើអី្វបានឡើយ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានខិតខំបំពេញការរបស់ខ្លួនបានល្អ ស្របពេលសិស្សនៅគ្រប់ទីកន្លែងមានកំណើនខ្ពស់ ក្នុងខណ:វិស័យអប់រំកាន់តែមានការរីកចម្រើន។

ដោយមើលឃើញជាក់ស្តែងនូវការខ្វះបន្ទប់រៀន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងបានជួយទៅតាមសំណើររបស់វិស័យអប់រំថ្នាក់មូលដ្ឋាន សុំកសាងអគារសិក្សាជាបន្តបន្ទាប់។ ជាក់ស្តែងយើងបានកសាងនូវអគារ១ខ្នងនេះបន្ថែមទុកជូនសម្រាប់កូនប្រជាពលរដ្ឋ បានចូលរៀនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលជាទំពាំស្នងឬស្សីរបស់ប្រទេសជាតិទៅថ្ងៃក្រោយ៕