(ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ត្រូវអគ្គិភ័យឆាបឆេះផ្ទះ អស់សល់តែគំនរផះប៉ុណ្ណោះ ខណៈចេញទៅដងទឹកនៅអូរខាង នៅក្រោយផ្ទះ បង្កាត់ភ្លើងដាក់ដាំបាយចោល ភ្លើងឆេះផ្ទះម៉ត់ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោ ញឹម នី មេបញ្ជាការរង អាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា៖ ផ្ទះដែលអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនោះ មានទំហំ ៤ម៉ែត្រគុណ៦ម៉ែត្រ ជញ្ជាំងធ្វើពីឈើ និងប្រក់ស័ង្កសី សង់ផ្ទាល់ដី ។ លោកមេបញ្ជាការរងបានបន្តថា ទំហំនៃការខូចខាតក្នុងផ្ទះទាំងស្រុងរួមមាន ៖ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
លោកមេបញ្ជាការរងបានបន្តទៀតថា ម្ចាស់ផ្ទះមានឈ្មោះ ទឹម ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះ កើតឡើងដោយសារតែ ម្ចាស់ផ្ទះបង្កាត់ភ្លើងដាក់ដាំបាយចោល បណ្តាលឲ្យអណ្តាតភ្លើងរាលឆេះផ្ទះម៉ត់តែម្តង ខណៈចេញទៅដងទឹកនៅអូរនៅក្រោយផ្ទះ៕