(ភ្នំពេញ)៖ ក្រសួងការពារពាតិ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីជំនួបរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

បើតាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះសម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរចំពោះការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាមនាពេលនេះ ដំណើរការប្រកបដោយជោគជ័យ និងទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។

សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង បានឯកភាពបន្តអនុវត្តតាមស្មារតីជំនួបប្រាស្រ័យមិត្តភាពការពារជាតិកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម។

ជាមួយគ្នានេះ កងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏បានឯកភាពបន្តដាក់ចេញទិសដៅការងារបន្ត និងប្តេជ្ញារួមគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធ បន្តអនុវត្តផែនការកិច្ចសហប្រតិបត្តិការ "MoU" រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរបានរួមចំណែកដល់សន្តិភាពស្ថិរភាព និងកំណើនវិបុលភាពក្នុងតំបន់។

សម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង ក៏បានធ្វើការវាយតម្លៃចំពោះសភាពការណ៍ ដែលកំពុងវិវត្តនាពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ និងសកលលោក និងគាំទ្រជំរុញដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលកំពុងបង្កវិនាសកម្មយ៉ាងធំធេងដល់សម្ភារៈ ទ្រព្យសម្បត្តិ និងជីវិតមនុស្ស និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាកទៀតផង។

សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង នឹងបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំនួបជាមួយលោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអំឡុងពេលស្នាក់អាស្រ័យនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឡើង និងសម្រេចជោគជ័យថែមទៀត លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងប្រវត្តិសាស្ត្រ។ល៕