(ភ្នំពេញ)៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ចូលរួមពិធីក្រុងពាលីតាមបែបសាសនា នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកាកសំណល់ភក់បង្គន់របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញ។

គម្រោងនេះកើតមានឡើងក្រោមជំនួយរបស់សមាគម AIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ក្រោមអធិបតីភាពលោក ឃួង ស្រេង និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។

ទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ប៉ែកខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់បន្ថយជាតិពុល ធ្វើអោយប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីក្រុងផងដែរ មុននឹងបង្ហូរចូលទៅបឹងទន្លេធម្មជាតិ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃ២៣ ខែឧសភា រដ្ឋបាលរាជធានីភ្នំពេញ ទើបបានចុះហត្ថលេខា ជាមួយសមាគមAIMF លើការងារផែនការ ត្រៀមបំរុងសំរាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចរភាពផងដែរ៕