(បាងកក-ថៃ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍អំពីឆន្ទះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP។

នៅក្នុងសេចក្តីថ្លែងការណ៍ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការប្តេជ្ញារបស់កម្ពុជា ចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តរបៀបវារៈរួម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ កម្ពុជាទៅលើការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥ និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ដែលមាន១៨គោលដៅ ហើយគោលដៅទី១៨ គឺ «កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»

ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ត្រូវបានរំខានដោយកត្តាជាច្រើនដែលមានដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ដែលជាហេតុទាមទារឲ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួត បង្កើនការតភ្ជាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងបង្កើនភាពបើកចំហរ និងបរិយាប័ន្ន នៃសេដ្ឋកិច្ចសកល។

លោកទេសរដ្ឋមន្ដ្រី បានបន្ដថា ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឲ្យមានការសម្រេចិត្តរួមគ្នា ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដោយគោរពនូវច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយមិនគិតលើទំហំ និងទ្រព្យសម្បត្តិឡើយ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។

ជាចុងក្រោយ ទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងតែបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងប្រែក្លាយអាស៊ានឲ្យទៅជាតំបន់ដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ហើយកម្ពុជានឹងបន្តជំរុញឲ្យអាស៊ានក្លាយជា សហគមន៍ដ៏រស់រវើក ប្រកបដោយសុខដុមរមនា និងមានការការពារពលករចំណាកស្រុក មានការអភិវឌ្ឍប្រកបដោយភាពបៃតងនិងបរិយាប័ន្ន និងជំរុញបរិវត្តិកម្មឌីជិថលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង៕