(ភ្នំពេញ)៖ កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (WFP) សហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស រយៈពេល២ថ្ងៃ ស្តីអំពីការបញ្ចូលមីក្រូសារជាតិ (សារធាតុវីតាមីន) ក្នុងអង្ករ ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភ ក្នុងរបបអាហារ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ប្រធានគ្រប់គ្រងផ្នែកផលិតកម្ម មកពីរោងម៉ាស៊ីនកិនស្រូវចំនួន១៥ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលបង្ហាញនូវការអនុវត្តជាក់ស្ដែង អំពីដំណើរការផ្សំ ការតម្លើង និងរបៀបប្រើឧបករណ៍ និងការត្រួតពិនិត្យ និងធានាគុណភាព។

លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា «វគ្គបណ្តុះបណ្តាលនេះ គឺជាការបោះជំហានទៅមុខ ក្នុងការគាំទ្ររបៀបវារៈជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិ ទៅក្នុងចំណីអាហារ និងឆ្លើយតបទៅនឹងអនុសាសន៍ ដែលទទួលបានពីកិច្ចសន្ទនា ស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០២១ អំពីការធ្វើពាណិជ្ជកម្មអាហារ ដែលបញ្ចូលមីក្រូសារជាតិ»

ការបញ្ចូលមីក្រូសារជាតិ គឺជាការបន្ថែមនូវមីក្រូសារជាតិសំខាន់ៗ ទៅក្នុងអាហារ ដូចជាអង្ករ ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព និងសន្សំសំចៃ។ នៅកម្ពុជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ ដោយប្រើជាតិអ៊ីយ៉ូដ និង/ឬហ្វូឡាត ត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែការបញ្ចូលមីក្រូសារជាតិ ទៅក្នុងអង្ករ នៅជារឿងថ្មីនៅឡើយ។ កម្មវិធីស្បៀងអាហារពិភពលោក បានចាប់ផ្ដើមគាំទ្រលើការការបញ្ចូលមីក្រូសារជាតិ ក្នុងអង្ករជាលើកដំបូង នៅក្នុងកម្មវិធីជាតិផ្តល់ស្បៀងអាហារតាមសាលារៀន។

លោក សុខ ស៊ីឡូ បានបញ្ជាក់បន្ថែមថា «ខ្ញុំជឿថា នេះគឺជាជំហានចម្បងមួយ ក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេស ដែលប្រជាជនភាគច្រើន ទទួលទានបាយក្នុងបរិមាណច្រើន ជារៀងរាល់ថ្ងៃ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលទានបាយច្រើនបំផុតនៅក្នុងតំបន់»

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ជាកម្មវិធីមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់អាហាររូបបត្ថម្ភ ដល់ប្រជាជនក្រីក្រកម្ពុជា។

លោកថា ការបញ្ជូលនូវមីក្រូសារជាតិក្នុងអង្ករ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមមុខសញ្ញានៃចំណីអាហារអាទិភាពនានា និងចាំបាច់បំផុតសម្រាប់កម្ពុជា ដែលជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាល លើប្រព័ន្ធសុវត្ថិភាពស្បៀងអាហារផងដែរ។

លោកបានលើកឡើងថា «នៅពេលបច្ចុប្បន្ននេះ ទីផ្សារក្នុងស្រុករបស់យើងសម្រាប់អង្ករ ដែលមានបញ្ជូលមីក្រូសារជាតិ នៅមានបរិមាណកំណត់នៅឡើយ ហើយទីផ្សារនាំចេញលើអង្ករដែលមានបញ្ជូលមីក្រូសារជាតិនេះ ពីកម្ពុជានៅមិនទាន់មាននៅឡើយ តែខ្ញុំជឿជាក់ថា ដោយសារកលយុគ្គថ្មីៗ នៅក្នុងពិភពលោកដូចជាសង្គ្រាមរុស្សី-អ៊ុយក្រែន និងកត្តាផ្សេងៗ រួមទាំងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យវិបត្តិស្បៀងអាហារនៅលើពិភពលោក កាន់តែមានកំណើនកើនឡើង។ អាហារដែលមានបញ្ជូលមីក្រូសារជាតិ គឺជាអាហារយុទ្ធសាស្ត្រ ដែលចាំបាច់នឹងមានតម្លៃសមស្របសម្រាប់ ជួយដល់ប្រជាជនដែលទទួលរងគ្រោះទាំងនោះ»

បាយ គឺជាប្រភពថាមពលដ៏ល្អ ក៏ប៉ុន្តែវាខ្វះនូវមីក្រូសារជាតិសំខាន់ៗដូចជា វីតាមីនអា ជាតិដែក និងកាល់ស្យូម ដែលមាននៅក្នុងអាហារផ្សេងទៀត ដូចជាប្រភេទផ្លែឈើ និងបន្លែ ជាដើម។ ជាលទ្ធផល ប្រជាជនកម្ពុជាភាគច្រើន រងផលប៉ះពាល់ដោយបញ្ហាកង្វះមីក្រូសារជាតិ ដែលអាចប៉ះពាល់ដល់សុខភាព ផលិតភាពការងារ និងសមត្ថភាពរៀនសូត្រ។

ការសិក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ច ដោយសារបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា បានរកឃើញថា ការចំណាយទៅលើបញ្ហា កង្វះអាហារូបត្ថម្ភមានបរិមាណពី ២៥០ ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះ ជាង១៣៤លានដុល្លារ បានខាតបង់ដោយសារបញ្ហាកង្វះមីក្រូសារជាតិ។

លោក ម៉ម បូរ៉ាត ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ បានថ្លែងថា «ការបន្ថែមវីតាមីន ឬសារធាតុរ៉ែ ទៅក្នុងអង្ករប្រកបដោយសុវត្ថិភាព បង្កើនគុណភាពអាហារូបត្ថម្ភរបស់អង្ករ និងអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការទប់ទល់ជាមួយនឹងបញ្ហាកង្វះមីក្រូសារជាតិរបស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនចាំបាច់ផ្លាស់ប្តូរទម្លាប់ និងរសជាតិអាហាររបស់ពួកគាត់»

លោកបន្ដថា តាមរយៈការដកស្រង់ការសិក្សា ឆ្នាំ២០១៧ របស់កម្មវិធីស្បៀងអាហារពិភពលោក មួយភាគប្រាំនៃក្រុមគ្រួសារនៅកម្ពុជាខ្វះខាតលទ្ធភាពទិញរបបអាហារ ដែលមានជីវជាតិគ្រប់គ្រាន់ ក្នុងតម្លៃទាបបំផុត។ ចាប់តាំងពីឆ្នាំ២០១០ កម្មវិធីស្បៀងអាហារពិភពលោក គឺជាដៃគូឈានមុខរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ។

លោកស្រី គ្លែរ កូណាន់ ជានាយកប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើងថា «យើងសូមអបអរសាទរ ដល់រាជរដ្ឋាភិបាល ចំពោះភាពជាដៃគូ និងការគាំទ្រដល់ការច្នៃប្រឌិតនេះ។ ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលយើងអាចពង្រីក ដើម្បីធានាការផ្គត់ផ្គង់អង្ករមីក្រូសារជាតិ ដោយនិរន្តរភាពនៅក្នុងប្រទេស។ ការជំរុញការប្រើប្រាស់អង្ករមីក្រូសារជាតិ អាចជួយឱ្យយើងធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រនិងជនងាយរងគ្រោះ មានលទ្ធភាពទិញអាហារដែលមានជីវជាតិ និងអាចជម្នះលើបញ្ហាអាហារូបត្ថម្ភនៅទូទាំងប្រទេស ជាពិសេសក្នុងចំណោមស្ត្រី កុមារ និងស្ត្រីបំបៅដោះកូន»

ការសិក្សានៅក្នុងដំណាក់កាលដំបូង បានបង្ហាញថា អង្ករដែលមានបញ្ចូលមីក្រូសារជាតិ ទទួលបានការចូលចិត្តខ្លាំងពីសំណាក់គ្រូបង្រៀន ឪពុកម្តាយ និងកុមារជាសិស្ស នៅទូទាំងប្រទេស។ ក្រោយមក ការសិក្សាមួយដែលធ្វើឡើងជាមួយសិស្សជាង ៩ ០០០នាក់ បានបញ្ជាក់ពីផលវិជ្ជមាននៃអង្ករមីក្រូសារជាតិ ក្នុងការលើកកម្ពស់សុខភាព និងសមត្ថភាពក្នុងការគិតរបស់កុមារនៅតាមទីជនបទ។

ជាលទ្ធផល រាជរដ្ឋាភិបាល បានអនុម័តយល់ព្រមលើការប្រើប្រាស់អង្ករមីក្រូសារជាតិ នៅក្នុងកម្មវិធីផ្ដល់ស្បៀងអាហារ តាមសាលារៀនក្នុងឆ្នាំ២០១៦។ បីឆ្នាំបន្ទាប់មក កម្មវិធីស្បៀងអាហារពិភពលោក និងក្រុមហ៊ុនហ្គ្រីនត្រេដ បានលាយអង្ករមីក្រូសារជាតិជាលើកដំបូង នៅក្នុងប្រទេស ដែលបង្ហាញនូវជោគជ័យមួយ ក៏ដូចជាការត្រួសត្រាយផ្លូវ សម្រាប់កិច្ចការបច្ចុប្បន្ន ដែលគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីអនុវត្តកិច្ចការលាយបញ្ចូលអង្កមីក្រូសារជាតិនេះ៕