(ភ្នំពេញ)៖ សមាជិករណសិរ្សរំដោះជាតិខ្មែរមួយរូប ដែលជាចលនាខុសច្បាប់បង្កើតឡើង ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ត្រូវបានលោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺជនជាប់ចោទត្រូវជាប់ពន្ធនាគារ៧ឆ្នាំ។
លោកចៅក្រម ប៉ុល សំអឿន ថ្លែងថា មូលហេតុនៃការសម្រេចតម្កល់សាលក្រមនេះ គឺដោយសារបទល្មើសនេះ មានលក្ខណៈធ្ងន់ធ្ងរ និង ការសម្រេចដាក់គុក៧ឆ្នាំ មានលក្ខណៈសមរម្យហើយ។
ជនជាប់ចោទឈ្មោះ ហ៊ិន ចាន់ អាយុ៣៤ឆ្នាំ ជាប់ចោទពីបទរួមគំនិតក្បត់ជាតិ និងក្លែងឯកសារសាធារណៈ ពាក់ព័ន្ធលិខិតឆ្លងដែន។
មន្រ្តីសាលាឧទ្ធរណ៍ថ្លែងថា ជនជាប់ចោទឈ្មោះ ហ៊ិន ចាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ប្រព្រឹត្តិនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០១២ រហូតដល់ឆ្នាំ ខែឧសភា ឆ្នាំ ២០១៤។ ប៉ុន្តែជនជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍។
ក្នុងសវនាការសាលាឧទ្ធរណ៍ ជនជាប់ចោទបានសារភាពថា ពិតជាបានចូលរួមចលនាប្រឆាំងរាជរដ្ឋាភិបាល ប្រាកដមែន។ ជនជាប់ចោទបញ្ជាក់ថា ខ្លួនដឹងកំហុសហើយ សូមឲ្យសាលាឧទ្ធរណ៍ជួយបន្ធូរបន្ថយទោស។ ដោយឡែកបទក្លែងឯកសារសាធារណៈ ជនជាប់ចោទស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់៕