(ម៉ានីល)៖ អនាគតប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោត លោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បានបើកកិច្ចសន្ទនាមួយជាមួយនឹងឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំទីក្រុង ម៉ានីល ជុំវិញគំរោងរៀបចំកិច្ចពិភាក្សាទ្វេភាគីជាមួយនឹងរដ្ឋាភិបាលចិនឡើងវិញ ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌ចិនស៊ិនហួរ នៅព្រឹកថ្ងៃ អង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។
ឯកអគ្គរដ្ឋទូតចិនលោក Zhao Jianhua បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះថា លោកពិតជាមាន សេចក្តីរីករាយ និងសង្ឃឹមថាចិនជាមួយហ្វីលីពីន អាចស្វែងរកដំណោះស្រាយលើការខ្វែងគំនិតគ្នា ព្រមទាំងព្យាយាមលើកស្ទួយទំនាក់ទំនងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅ និងបង្កើនកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរឡើងវិញ។
គួរបញ្ជាក់ថា កាលពីក្នុងអណត្តិដឹកនាំរបស់រដ្ឋាភិបាលប្រធានាធិបតីលោក ប៊ែនីកណូ អាគីណូ ទី៣ ប្រទេសទាំងពីរបានជួបប្រទះភាពរកាំរកុះជាច្រើន រហូតប៉ះពាល់ដល់ចំណងការទូត ដោយសារតែ បញ្ហាសមុទ្រចិនខាងត្បូង ដែលប្រទេសអាស៊ានមួយចំនួនទៀតជាពិសេសវៀតណាម ក៏បានជួប ស្ថានភាពដូចគ្នាដែរ។ ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីនថ្មីនេះ បានបង្ហាញពីគោលនយោបាយរបស់ខ្លួន តាំងពីមុនពេលឈ្នះឆ្នោតមកម្ល៉េះថា នឹងកសាងទំនាក់ទំនងល្អឡើងវិញជាមួយមហាយក្សចិន៕