(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ទំនុកចិត្ត ក្តីស្រលាញ់ និងការគាំទ្រដែលប្រជាពលរដ្ឋផ្តល់ជូនគណបក្សប្រជាជនកម្ពុជាយើង មិនអាចកើតមានឡើយ ប្រសិនបើថ្នាក់ដឹកនាំមូលដ្ឋានយើងមិននៅជាប់ជាមួយពួកគាត់ជាប្រចាំ ដឹងសុខដឹងទុក្ខ រួមដំណើរជាមួយគ្នា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

លោកបន្ដទៀតថា ជាក់ស្តែងឆន្ទៈ និងការតាំងចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់របស់កម្មាភិបាលគណបក្សប្រជាជន ដែលតែងមានវត្តមានជាប់ជាមួយប្រជាជន បម្រើប្រជាជន ក៏ដូចជាបន្តកសាងសមិទ្ធផលនានា ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺជាទំនៀមទំលាប់ និងគម្រូសកម្មភាពដែលឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ៗរូបតែងបានបង្ហាញ និងណែនាំដល់សមាជិក សមាជិកាជាកម្មាភិបាលគណបក្សមូលដ្ឋាន ក្នុងការបំពេញការងារមហាជនតាមទីតាំងរៀងៗខ្លួន។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំជង្រុក និងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

ទន្ទឹមនេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់សមាជិក សមាជិកានៃអង្គពិធី ដែលនេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ ការស្រលាញ់រាប់អាន និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា។

ដំណើរជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានបន្តយ៉ាងសកម្មក្នុងមូលដ្ឋានខេត្តកំពង់ស្តឺ ខណៈ លោក ហ៊ុន ម៉ានី បានបន្តចុះជួបជាមួយសមាជិក សមាជិកា ក្នុងស្រុកគងពិសី នាពេលនេះក៏មានការចូលរួមពី លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំង ប្រធានក្រុមការងារគណបក្សចុះជួយស្រុកគងពិសី ប្រធានក្រុមការងារគណបក្សចុះជួយឃុំ ប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាបក្សនៃឃុំទាំងពីរ៕