(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការត្រៀមបម្រុងសំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាតវៃនិងមានចីរភាព។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមនិយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។

កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) រួមមាន៖

*លើការងារផែនការត្រៀមបម្រុងសំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ
*យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់
*ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាតនិងមានចីរភាព។

ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូសមាគមនិយាយភាសាបារាំង (AIMF) ដឹកនាំដោយលោក ព្យែរ ប៊ៃយ៉េនេះ ធ្វើឡើងគោលបំណងចំនួន៣ ដែលមានដូចជា៖

*ទី១៖ ការអនុម័តលើការងារនៃគម្រោងកិច្ចសហការរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF ក្នុងការរៀបចំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការ យុទ្ធសាស្ត្ររបស់សមាគម AIMF ជាមួយសហភាពអឺរ៉ុប។ ការផ្សព្វផ្សាយឯកសារសិក្សា និងឯកសារយុទ្ធសាស្ត្រ ដែលបានរៀបចំតាក់តែង និងអនុម័តដោយរដ្ឋបាលរាជធានីភ្នំពេញ។

*ទី២៖ ការពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែង នៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន។

*ទី៣៖ ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា៖ ជំនួបជាមួយក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, សហភាពអឺរ៉ុប, ម្ចាស់ជំនួយ និងដៃគូរបស់រដ្ឋបាលរាជធានី ភ្នំពេញ និងខេត្តសៀមរាប, និង ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគម AIMF លើកទី៤០ នៅភ្នំពេញ។ នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុង ដែលជាសមាជិកសមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុងដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ១៩៩០ និងបានក្លាយជាសមាជិក ការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ចំនួន៣០៧ មានតែសមាជិក អចិន្ត្រៃយ៍ ចំនួន២៧រូបប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាធិ ការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅការិយាល័យអចិន្ត្រៃយ៍នេះ៕