(ប៉ាគីស្ថាន)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវ៉ាស៍ ហ្សារីហ្វ (Nawaz Sharif) បានស្នើទៅកាន់អង្គសភាឲ្យបង្កើតគណកម្មការមួយ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់នានា ទៅលើថ្នាក់ដឹកនាំ ពាក់ព័ន្ធនឹងឯកសារ Panama Papers ដែលបានលេចធ្លាយកន្លងមក ប៉ុន្តែសមាជិកសភានៃបក្សប្រឆាំង បានដើរចេញពីអង្គប្រជុំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។
លោក ហ្សារីហ្វ បានជួបប្រទះនូវភាពវឹកវរចាប់តាំងពីឯកសារប៉ាណាបែកធ្លាយ កាលពីខែមុននេះ មកម្ល៉េះ ដោយក្នុងនោះគេបានដឹងថាកូនៗរបស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បានទទួលសិទ្ធិកាន់កាប់ក្រុមហ៊ុនរកស៊ីតាមដែនសមុទ្រមួយចំនួន ហើយក៏បានប្រើប្រាស់ក្រុមហ៊ុនទាំងនោះ ដើម្បីទិញទ្រព្យសម្បត្តិជាច្រើននៅទីក្រុងឡុងដ៍ ថែមទៀត។ លោក ហ្សារីហ្វ កន្លងមកបានចេញ មុនបដិសេធនូវរាល់ការចោទប្រកាន់ ហើយថាកូនៗរបស់លោកក៏មិនបានប្រព្រឹត្តទោសអ្វីដែរ។
គួរបញ្ជាក់ថា គណបក្សប្រឆំាងរបស់ប្រទេសប៉ាគីស្ថាន បានយកឱកាសនៃការបែកធ្លាយឯកសារ សម្ងាត់ប៉ាណាម៉ា ខាងលើនេះជាការជម្រុញឲ្យនាយករដ្ឋមន្ត្រីលោក ហ្សារីហ្វ ខ្ទាតចេញពីតំណែង។ យ៉ាងណាក៏ដោយនៅក្នុងអង្គសភាលោក ហ្សារីហ្វ បានថ្លែងថាទ្រព្យសម្បត្តិរបស់លោកទាំងអស់ គឺបាន មកពីការរកស៊ីស្របច្បាប់មុនលោកឡើងកាន់តំណែងនេះទៅទៀត៕