Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ទទួលបានជំនួយឧបត្ថម្ភ ៣៥០០០ដុល្លារ ពីធនាគារ ABA ដើម្បីរួមចំណែកដល់ការសាងសង់អគារទី២

23-05-2022 10:57

(ត្បូងឃ្មុំ)៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ កាលពីពេលថ្មីៗនេះ បានទទួលថវិកាចូលរួមឧបត្ថម្ភចំនួន ៣៥០០០ដុល្លារ ពីធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) សម្រាប់ចូលរួមចំណែកដល់ការសាងសង់អគារទី២ នៃមន្ទីរពេទ្យ។

ពិធីប្រគល់ និងទទួលថវិកាឧបត្ថម្ភនេះ បានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ កាលពីថ្ងៃសុក្រ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ដោយមាន លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំជាភាគីទទួលជំនួយ និងលោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី ប្រធានគ្រប់គ្រងតំបន់នៃ ធនាគារ ABA ជាភាគីប្រគល់ជំនួយ។

អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលទំនើបថ្មី និងធំទូលាយ ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ មានកម្ពស់៤ជាន់ ទំហំ៤,១៣៧ម៉ែត្រក្រឡា ដោយសាងសង់លើផ្ទៃដីទំហំ ១៣,២២៩ ម៉ែត្រក្រឡា។ តាមគម្រោង នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២២ ខាងមុខនេះ៕