(ភ្នំពេញ)៖ តបតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពូលតារាសិចស៊ី ដេននី ក្វាន់ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានចូលទៅទទួលដំបូន្មាន និងការអប់រំ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បន្ទាប់ពីកញ្ញាចូលចិត្តស្លៀកពាក់សិចស៊ីដូចអាក្រាតកាយធ្វើឲ្យប៉ះពាល់ និងអាប់ឱនខ្លាំងដល់តម្លៃវប្បធម៌ និងស្រ្តីខ្មែរ។
សូមបញ្ជាក់ថា កោះហៅ កំពូលតារាសិចស៊ី ដេននី ក្វាន់ ចូលទៅដុសក្អែលអប់រំនេះ បន្ទាប់ពីតារា ដែលទើបទទួលបានកេរ្តិ៍ឈ្មោះតាមរយៈភាពសិចស៊ីរូបនេះ បានព្យាយាមបង្ហោះរូបសិចស៊ី ដូចអាក្រាតកាយជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាំឲ្យផ្ទុះប្រតិកម្មខ្លាំងទាំងក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនខ្មែរ។ កាយវិការ និងសកម្មភាពរបស់តារារូបនេះ ត្រូវបានគេវាយតម្លៃថា ធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និង ចរិយាធម៌-សីលធម៌សង្គម។
ដេននី ក្វាន់ មិនត្រឹមតែមិនទទួលនូវការទូន្មានពីអ្នកសិល្បៈរៀបច្បង និងសាធារណជននោះឡើយ ចំពោះភាពសិចស៊ីនេះ ហើយថែមទាំងជេរដៀលត្មះតបទៅលើអ្នកអប់រំរូបនាងថែមទៀត។ ព្រោះតែការអប់រំលើតារាសិចស៊ីនេះ នាំឲ្យមានការផ្ទុះពាក្យសម្តីខ្លាំងរវាង ដេននី ក្វាន់ និង អ្នកសិល្បៈជាច្រើនផ្សេងទៀត៕