(ភ្នំពេញ)៖ ក្រោយទទួលបានសេចក្ដីរាយការណ៍ពី បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានថា មានករណីបើកលេងល្បែងខុសច្បាប់កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំង បើកលេងឆ្នោតភ្នាល់ប្រាក់មួយកន្លែងដោយបានឃាត់ខ្លួនស្ត្រី២នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវបេតុង ខាងលិចផ្សារសាំហាន់ ក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលព្រហ្ម ទណ្ឌខណ្ឌឫស្សីកែវ បានបង្ហើបថា ក្រោយទទួលបានការ សហការណ៍និងរាយការណ៍ពីប្រជាពលរដ្ឋតាមមូលដ្ឋានថា មានករណីប្រព្រឹត្តបើកល្បែងឆ្នោត យ៉ាងអនាធិបតេយ្យដែលបង្ករភាពស្មុគស្មាញដល់សង្គមជាតិ កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌរួមសហការណ៍ និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបន្តស្រាវជ្រាវរហូតចុះទៅបង្ក្រាប ពួនស្ទាក់ឃាត់ខ្លួនស្ត្រី២នាក់ ដែលជាអ្នកកត់ឆ្នោតព្រមទាំងដកហូតវត្ថុតាង មួយរួមមាន៖ ក្រដាសសំរាប់កត់ឆ្នោតមួយចំនួន មានម៉ាស៊ីនគិតលេខចំនួន០១គ្រឿង ប៊ិចសំរាប់កត់ចំនួនមួយ តុ០១ និងសាច់ប្រាក់មួយចំនួនផងដែរ។
នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ស្ត្រីត្រូវឃាត់ខ្លួនពាក់ព័ន្ធបើក ល្បែងឆ្នោត៖ទី១ឈ្មោះ ម៉ី សំបូរ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងជាអ្នកកត់ឆ្នោត ទី២ឈ្មោះ ម៉ុល ចាន់វីលី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា បច្ចុប្បន្នស្ត្រីទាំង២នាក់ រួមនិងវត្ថុតាងត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធីច្បាប់៕