(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារចុះពិនិត្យអាងស្តុកទឹក សាមសិបកញ្ញា ការសាងសង់សំណង់ធារាសាស្ត្រ ប្រឡាយមេ ប្រឡាយរង និងបន្តការបូមទឹកទន្លាក់តាមដងស្ទឹងស្ទោង ជូនប្រជាបលរដ្ឋប្រើប្រាស់ ក្នុងឃុំព្រះដំរី ឃុំរុងរឿង និងឃុំបន្ទាយស្ទោង ក្នុងស្រុកស្ទោង។
ក្នុងការពិនិត្យជាក់ស្តែងឃើញថា ការខ្វះខាតទឹករបស់បងប្អូន នៅក្នុងភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ស្រុកកំពង់ស្វាយ លោកបានផ្តល់ថវិកា សម្រាប់ស្តារអណ្តូងចំនួនពីរអស់ថវិកា២០០០០០រៀល និងនៅក្នុងឃុំព្រះដំរីចំនួនបួន កន្លែងអស់ថវិកាចំនួន៤០០០០០រៀល សម្រាប់ជាការដោះស្រាយមួយគ្រា។
បន្ទាប់មកទៀត ក្រុមការងារបានចុះសួរសុខទុក្ខដល់គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ រលំផ្ទះទាំងស្រុងចំនួន១៥គ្រួសារ ក្នុងឃុំចំណារក្រោម និងពិនិត្យជួយសាងសង់បងប្អូន ដែលគ្មានលទ្ធភាព ជូនពួកគាត់ក្នុងពេលខាងមុខ៕