(តាកែវ)៖ លោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ និងលោក សុខ សប្បាយណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរនាម បានអញ្ជើញដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត និងជួបសំណេះសំណាលថ្លែងអំណរគុណសមាជិកបក្ស ដែលបានចូលរួមក្នុងក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ពិធីនេះ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុកទ្រាំង ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គណៈកម្មាធិការគណបក្សឃុំរនាម ក្រុមការងារការិយាល័យបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

ការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅយ៉ាងអធឹកអធមដោយមានរថយន្ត ម៉ូតូ និងមេក្រូ ជាច្រើនគ្រឿង ដោយមានការលាយឡំ ទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក សុខ ពុទ្ធិវុធ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវ សុខសន្តិភាពពេញលេញនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកថា តាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនដែលជាគណបក្សចាស់ទុំនិងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

លោក សុខ ពុទ្ធិវុធ ក៏បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សូមគៀងគរបងប្អូនមិត្តភត្តិឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នាដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕