(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងនៅថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។

លោក តូច ប៉ូលីវ៉ា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានត្រៀមរួចជាស្រេចហើយ នៅតាមគោលដៅមូលដ្ឋាននៅទូទាំងប្រទេស ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់ គ.ជ.ប ។ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត តាមបណ្ដាឃុំសង្កាត់ទាំង ៨០ ឃុំ សង្កាត់ នៅទូទាំងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ ព្រមៗគ្នា ។

លោកបានបន្តថានៅថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ ក្នុងនាមលោកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ចុះឃុំថ្នាធ្នង់ បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងភូមិទាំង៧ ក្នុងឃុំ។

ការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅក្នុងដែនរដ្ឋបាលឃុំថ្នាធ្នង់ យ៉ាងអធឹកអធមដោយមាន រថយន្តតូច ធំ ម៉ូតូ និងម៉ូតូរឺម៉ក់ ជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕