(ស្វីស)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបិទបញ្ចប់សង្គ្រាម នាំមកនូវសន្ដិភាព និងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសណាមួយនោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ បានអះអាងថា សម្ដេចគ្មានសិទ្ធិកាត់ដីខ្មែរ សូម្បីមួយមីល្លីម៉ែត្រឲ្យទៅប្រទេសណាមួយនោះឡើយ។

ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នាទីក្រុងសូរិក ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសម្ដេចប្រុងកាត់ដីឲ្យប្រទេសវៀតណាម ដូចអ្វីដែលជាការចោទប្រកាន់នោះ មិនមែនសម្ដេចខិតខំប្រឹងប្រែងចំណាយពេលចរចាសូម្បីមួយតឹក មួយផឹង មកដល់បច្ចុប្បន្ននេះទេ។

ពាក់ព័ន្ធការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មី រឿងកំណត់ព្រំដែននេះ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ ខណៈភាគីទាំងពីរកំពុងចរចាគ្នាបន្ដទៀត ដើម្បីឲ្យឈានទៅដល់គោលដៅ១០០ភាគរយ នាពេលខាងមុខឆាប់ៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «យើងបានបោះបង្គោលព្រំដែនបាន៨៤ភាគរយ នៅសល់១៦ភាគរយទៀត ប៉ុន្ដែថ្មីៗនេះគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ៦ភាគរយទៀត។ ខ្ញុំអញ្ជើញនាយករដ្ឋមន្ដ្រីវៀតណាមមកទស្សនកិច្ច អាចនឹងចុះហត្ថលេខាលើ៦ភាគរយនេះទៀត [...] បើគង់តែឲ្យដីគេដដែលចាំបាច់ទៅចរចាហត់ធ្វើអី ខ្ញុំគ្មានសិទ្ធិយកដីខ្មែរ សូម្បីមួយមីល្លីម៉ែត្រឲ្យប្រទេសណាទេ»

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកម្ដងទៀតថា កម្ពុជា-វៀតណាម បានឯកភាពគ្នា ស្នើសុំអ្នកជំនាញការបារាំងដើម្បីជួយផ្ទេរផែនទី ពីផែនទីបោន ខ្នាត១លើ១០០០ពាន់ មកផែនទី UTM ខ្នាត១លើ៥០ពាន់ ដើម្បីមានភាពច្បាស់លាស់ងាយស្រួលក្នុងការបោះបង្គោលព្រំដែន។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ក្រោយសន្ដិភាព បញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅ២សំខាន់ ទី១៖ ប្រែក្លាយដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍ និងទី២៖ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាមួយព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បច្ចុប្បន្ននេះគោលដៅទី១ បានសម្រេចរហូតទៅដល់៩៥ភាគរយ ដែលប្រែក្លាយពីតំបន់អតីតសមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ខណៈ៥ភាគរយដែលនៅសល់ គឺជាតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងលើការងារនេះបន្ដទៀត។

ដោយឡែក តាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង វៀតណាម ថៃ និងឡាវ សម្ដេចបានអះអាងថា កម្ពុជា កំណត់ព្រំដែនជាមួយឡាវ បានប្រមាណ៨៦ភាគរយ, ជាមួយវៀតណាម បាន៨៤ភាគរយ (៦ភាគរយទើបឯកភាព សរុប៩០ភាគរយ) និងជាមួយថៃ ទទួលស្គាល់បង្គោលចាស់ដែលបានរកឃើញ ហើយបានបង្កើតគណៈកម្មការចម្រុះ ដើម្បីបន្ដការងារនេះ។

បើទោះបីមិនទាន់បានចប់សព្វគ្រប់១០០ភាគរយ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិនទុកបញ្ហានេះឲ្យនៅជាចំណាត់ខ្មាំង នៃការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជននោះទេ៕