(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការ ចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមចែកចាយ និងជក់គ្រឿងញៀនចំនួន១៦នាក់ នៅប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំង១៦នាក់នេះ កម្លាំងសមត្ថកិច្ច បានដកហូតឧបករណ៍សម្រាប់ជក់ និងថ្នាំញៀនមួយចំនួនផងដែរ។
សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាននាំយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕