(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្លែងកោតសរសើរបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលដំណាក់កាលទី១ នៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងនាមក្រុមការងារ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគ្រប់ ថ្នាក់ដែលបានលះបង់កម្លាំងកាយ ស្មារតី សម្ភារ ថវិកា ចិញ្ចឹមចលនា ជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិឃុំសង្កាត់ ដោះស្រាយសំណូមពរតម្រូវការចាំបាច់នានា ដើម្បីអភិវឌ្ឍនិងកសាងបានជាបន្ត បន្ទាប់នូវសមិទ្ធិផលជូនគណបក្ស និងសង្គម ជាពិសេសក្នុងអំឡុងពេល នៃការអនុវត្តផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា ការយកចិត្តទុកដាក់របស់គណបក្សគ្រប់ថ្នាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចតាមការប្រគល់ជូនរបស់គណបក្ស បានលេចចេញជាសមិទ្ធិផលរីកចម្រើនយ៉ាងច្រើនផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តែទោះជាយ៉ាងណាក៏ដោយយើងមិនត្រូវស្កប់ស្កល់ និងធ្វេសប្រហែសនោះទេ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តទៀតថា «គណបក្សយើងនៅមានភារកិច្ច និងការទទួលខុសត្រូវជាច្រើនទៀតដើម្បីបំពេញក្នុងការយកឈ្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្តអនុវត្តផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត។

សូមបញ្ជាក់ថា តាមការកំណត់ចំនួនឃុំ/សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នៅទូទាំងប្រទេស មានចំនួនសរុប ១៦៥២ ឃុំ/សង្កាត់ និងសមាជិកក្រុមប្រឹក្សា មានចំនួនសរុប ១១៦២២នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួនឃុំ/សង្កាត់ចំនួន៦៧ និងចំនួនសមាជិកក្រុមប្រឹក្សាមាន៥៣៣នាក់ ហើយមានគណបក្សផ្សេងចំនួន១០ ចូលរួមប្រកួតប្រជែងនៅខេត្តបន្ទាយមានជ័យ៕