(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេចដាក់បញ្ចូលគ្រូពេទ្យឯកទេស និងបុគ្គលិកជាពេទ្យជាប់កិច្ចសន្យាទាំងអស់ ក្នុងក្របខណ្ឌមន្ត្រីរាជការ។

លោកស្រីបាន បានលើកឡើងបែបនេះ ឆ្លៀតក្នុងឱកាសចូលរួមជាអធិបតី នៃកម្មវិធីបុណ្យឆ្លង និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាពុទ្ធិកបឋមសិក្សា «លី-ច័ន្ទដ្ឋា បាលីជ័យ» និងសម្ធិផលនានាស្ថិតនៅក្នុងវត្តចំប៉ាចារុ៍ ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦។

លោកស្រីបន្ដថា ការសម្រេចរបស់សម្ដេចតេជោ បានសំដែងឲ្យឃើញច្បាស់ណាស់ នូវការយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងឆន្ទះនយោបាយស្គាល់សុខទុក្ខប្រជាពលរដ្ឋ តាំងពីដើមរៀងមក របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសការផ្តល់អាទិភាពខ្ពស់ លើវិស័យសុខាភិបាល សំដៅលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនកម្ពុជាទូទៅ។

លោក ស្រីបន្ថែមថា «សូមសម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ បន្តដឹកនាំនាវាកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀត និងកាន់តែមានឈ្មោះ បោះសម្លេង ល្បីរន្ទឺ លើឆាកជាតិ និងអន្តជាតិ។ មានសម្តេចតេជោ គឺបានសុខសប្បាយ មានសុខភាពល្អអាយុវែង និងមានការអភិវឌ្ឍប្រទេសជាតិយូរអង្វែងតទៅ»

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ដទុកដាក់លើសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលាមិនថាថ្ងៃ ឬថ្ងៃឈប់សម្រាកនោះទេ គឺសម្ដេចតែងតែរិះរកនូវគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ មានសុខសុវត្ថិភាព៕