(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៣១៥គ្រួសារ នៅភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រេកអរស្ទើរស្រក់ទឹកភ្នែក ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជួយស្តារស្រះទឹក ដែលរីងស្ងួតជូនពួកគាត់ ដោយបានខ្វះខាតយ៉ាងខ្លាំងកន្លងមកនេះ។
ស្រះទឹកនេះ មានអាយុកាលជាង៤០ឆ្នាំ និងទំហំ៧០ម៉ែត្រគុណ៧៨ម៉ែត្រ ជម្រៅប្រមាណជាង២ម៉ែត្រ ដែលរីងស្ងួតតាំងពីមុនចូលឆ្នាំខ្មែរ ហើយជាស្រះដែលប្រជាពលរដ្ឋក្នុងភូមិក្ប៉មឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពឹងអាស្រ័យផល ប្រើប្រាស់សម្រាប់ជីវភាព និងជីវិតប្រចាំថ្ងៃជាយូរយារណាស់មកហើយ។
អាស្រ័យហេតុនេះ ទើបប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ បានរីករាយត្រេកអរដោយញញឹមផង ទឹកភ្នែករលីងរលោងផង ខណៈដែលបានជួបសំណេះសំណាលតាមរយៈទូរស័ព្ទ ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតនៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ដើម្បីជម្រាបពីភាពខ្វះខាតដ៏ចំាបាច់ របស់ពួកគាត់ទៅកាន់ សម្ដេចផ្ទាល់តែម្ដង។
ជាងនេះទៅទៀត បន្ទាប់ពីបានស្ដាប់ការទុក្ខវេទនា របស់ប្រជាពលរដ្ឋនៅនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចចិត្ដផ្ដល់ស្រះទឹក ជូនប្រជាពលរដ្ឋនៅទីនោះភ្លាមៗតែម្ដង។ ពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងចាត់ចែងឲ្យអ្នកជីកស្រះជួយប្រជាពលរដ្ឋ ឲ្យបានកាន់តែឆាប់កាន់តែល្អ។
សូមបញ្ជាក់ថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បានជួយស្តារឡើងវិញដោយមានជម្រៅ៤ម៉ែត្រ ទទឹង៥០ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ នៅថ្ងៃទី១៦ឧសភា ឆ្នាំ២០១៦នេះ ដើម្បីឆ្លើយតបទៅនឹងតាមការអំពាវនាវ ជាពិសេសដើម្បីបំពេញនូវតំរូវការចាំបាច់បំផុត និងទាន់ពេលវេលាក្នុងការប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៣១៥គ្រួសារ តាមរយៈលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវផងដែរ៕