(កណ្ដាល)៖ លោក តូច ចាន់កុសល អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅក្នុងមូលដ្ឋានស្រុកកោះធំ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក ចៅ តុល អនុប្រធានទី២ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំទាំង១១ ប្រធាន អនុប្រធានសមាជិកគណបក្សស្រុក-ឃុំ និងសមាជិកគណបក្សតាមបណ្តាឃុំទាំង១១ សរុបប្រមាណជាង ២,៦៧០នាក់។

បន្ទាប់ពីបានស្តាប់សាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ រួចមក លោកអនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកកោះធំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានបន្ថែមថា វត្តមានរបស់សមាជិក សមាជិកា នាឱកាសនេះគឺជាការបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក តូច ចាន់កុសល បានជម្រាបជូនផងដែរថា សភាពការណ៍ទូទៅរបស់កម្ពុជានៅតែមានភាពល្អប្រសើរ ដល់ការបន្តអភិវឌ្ឍលើគ្រប់វិស័យ ទោះបីស្ថិតក្នុងបរិបទនៃសភាពការណ៍អន្តរជាតិមានភាពស្មុគស្មាញយ៉ាងណាក៏ដោយក្តី ស្ថានភាពអំណោយផលនេះ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រតិបត្តិករនយោបាយដ៏ឆ្នើមនាំមកនូវការ បង្រួបបង្រួមជាតិ និងឯកភាពជាតិ ជាពិសេស បានដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតយកឈ្នះលើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានបើកដំណើរការសេដ្ឋកិច្ច និងសង្គមយ៉ាងពេញលេញឡើងវិញ និងសម្រេចបានអត្រាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេលំដាប់ទី២នៅក្នុងពិភពលោក ជាពិសេសនាពេលថ្មីៗ ពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានសន្តិសុខសុវត្ថិភាព និងអត្រានៃភាពស៊ាំសហគមន៍យ៉ាងពេញលេញ។

មួយគ្នានេះដែរលោក ចៅ តុល ក៏បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា អរគុណសន្តិភាព! អរគុណសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក រដ្ឋបុរសនៃកម្ពុជារបស់យើង ដែលមានគុណបំណាច់ ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាព ដោយបូជាឈាមស្រស់ សាច់ស្រស់ កម្លាំងពលាំង ធ្វើយ៉ាងណាស្វែងរកសុខសន្តិភាពដោយការបង្រួបបង្រួមជាតិតែមួយ សាមគ្គីភាពជាតិតែមួយ និងបង្កើតឲ្យមានឱកាសក្នុងការអភិវឌ្ឍន៍ រីកចម្រើនទៅមុខ ការកសាងធនធានមនុស្ស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលនេះសបញ្ជាក់ឲ្យឃើញពីគុណតម្លៃដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ចៅ តុល បានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព ស្ថេរភាព មានសេដ្ឋកិច្ចលូតលាស់ ប្រជាពលរដ្ឋបានសុខសប្បាយ រីកចម្រើន ជីវភាពធូរធារ ហើយប្រទេសជាតិយើងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ដែលនេះជាសមត្ថភាពដ៏អស្ចារ្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសពីផេះផង់ ពីចំណុចសូន្យរហូតដល់ឡើងមកដល់ចំណុចនេះ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕