(កំពង់ឆ្នាំង)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន, លោក គុយ សុផល សមាជិកគណ បក្សប្រជាជនកម្ពុជា និងលោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះសំណេះសំណាល ពង្រឹង និងបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុក៣ គឺស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស និងស្រុកបរិបូណ៌។

នាឱកាសនោះដែរ សម្ដេចចៅហ៊្វាវាំង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់ បានបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងបានទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៍ កើតមាននៅក្នុងប្រទេសកម្ពុជាជាថ្មីម្តងទៀតនោះឡើយ។ ការចូលរួមរក្សាសន្តិភាព ដែលបានមកដោយកម្រនេះ គឺមានតែពលរដ្ឋយើងទាំងអស់គ្នាទេ ដែលត្រូវជួយគ្នាថែរក្សាទើបសន្តិភាព គង់វង្សឋិតថេរជារៀងរហូតទៅ។

រីឯការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ បានមកដល់សព្វថ្ងៃ ពុំមានអ្នកឆ្លងនៅក្នុងប្រទេសរបស់យើងនេះ ក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់ប្រមុខដឹក នាំរបស់យើង ដែលលោកប្រឹងប្រែងរកវ៉ាក់សាំងពីក្រៅប្រទេស មកចាក់ជូនប្រជាពលរដ្ឋរហូតដល់ដុះមូលដ្ឋាន ដោយមិនគិតថ្លៃ។ ការទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ១៩ គឺមានឱកាសក្នុងការបន្តជម្រុញល្បឿននៃការកសាង និងងអភិវឌ្ឍន៍ប្រទេសឲ្យ មានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ នេះបើតាមសម្តេចចៅហ្វាវាំង គង់ សំអុល។

សម្ដេចចៅហ្វាវាំង ក៏បានអំពាវនាវដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវ តាបាចផ្កា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានសម្ដេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស និងបន្តធ្វើការអភិវឌ្ឍ និងថែរក្សាសន្តិភាព ដើម្បីប្រជាជនកម្ពុជាយើងបានរស់ក្រោមដំបូលសន្តិភាព ជារៀងរហូត តកូន តចៅរបស់យើង។

នៅខេត្តកំពង់ឆ្នាំង មានឃុំសង្កាត់ចំនួន៧១ គណបក្សចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ មានចំនួន ១១គណបក្ស មានមណ្ឌលបោះឆ្នោតចំនួន៧១ ការិយាល័យបោះឆ្នោតចំនួន៨០៧៕