(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបូរី និងប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារចុះមូលដា្ឋនភូមិទាំង១៨ ក្នុងឃុំចំណោម ស្រុកមង្គលបូរីប្រមាណ៦៥៣នាក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ លោក បោន ប៊ិន បានលើកឡើងថា «សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការយក អាយុជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើពលីកម្មដ៏ធំធេង និងមានការចូលរួមមិនអាចកាត់ថ្លៃបានរបស់បងប្អូនយុទ្ធជន យុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ដើម្បីជាតិ មាតុភូមិ»។

លោកបានបញ្ជាក់ទៀតថា ជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យពួកប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានដួលរលំទាំងស្រុង ទាំងអង្គការចាត់តាំងនយោបាយ និងអង្គការចាត់តាំង យោធា រហូតធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងចាប់តាំងពីចុងឆ្នាំ១៩៩៨មក។

លោក បោន ប៊ិន បានអំពាវនាវដល់ពលរដ្ឋទាំងអស់ បន្តខិតខំការពារថែរក្សាសន្តិភាព និងសមិទ្ធផលដ៏ថ្លៃថ្លាដែលបានមកដោយលំបាក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ។

លោកបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ៕