(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។

ព្រឹកនេះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកានៅតាមបណ្តា ឃុំ សង្កាត់។ ចំណែកឯរសៀលនេះ នឹងបន្តចុះជួបសំណេះសំណាលបន្ថែមទៀត ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់ បានបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ តាមរយៈការស្រោចវ៉ាក់សាំង តាមអភិក្រម ផ្ការីក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបន្តជម្រុញល្បឿននៃការកសាង អភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព ដើមី្បថែរក្សា ការពារនូវរាល់សមទ្ធិផល នៃសង្គមជាតិឲ្យបានគង់វង្សបន្ថែមទៀត ។

លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមាន សញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំ សង្កាត់របស់ខ្លួន។

សូមបញ្ជាក់ថា នៅខេត្តស្វាយរៀង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន៩ គណបក្សរួមមាន៖ ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ទី៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧.គណបក្សយុវជនកម្ពុជា ទី៨.គណបក្សកម្ពុជានិយម ទី៩.គណបក្សសញ្ជាតិកម្ពុជា។

ក្នុងនោះ គណបក្សដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មានបេក្ខជនឈរឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ទាំង៨០ ឃុំ/សង្កាត់គឺគណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះបេក្ខជន ៨០ ឃុំសង្កាត់, គណបក្សភ្លើងទៀនមានបេក្ខជនឈឈ្មោះ ៧៩ ឃុំ/សង្កាត់។

សម្រាប់ការដង្ហែរក្បួនរកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២១ ខែឧសភានេះដែរ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានដង្ហែក្បួនរកសំឡេងឆ្នោតនៅតាមដងផ្លូវសាធារណៈនានា នៅក្នុងខេត្តស្វាយរៀង រីឯគណបក្សផ្សេងៗទៀតគឺពុំឃើញធ្វើសកម្មភាពដង្ហែក្បួននោះទេ។

បើយោងតាម គ.ជ.ប. បានឲ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងទៀតថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕