(ព្រះសីហនុ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក កៅ ខុនដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្នុងនាមប្រធានក្រុមការងារ ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ កោតសរសើរ និងវាយតម្លៃខ្ពស់សមាជិក និងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំង កាយចិត្ត ធនធាន និងស្មារតីចូលរួម និងបម្រើគណបក្សប្រជាជនកម្ពុជាយើងយ៉ាងសកម្ម ក្នុងគ្រប់កាលៈទេសៈ ចូលរួមចំណែកកសាង និងពង្រឹងមូលដ្ឋានគ្រឹះ របស់គណបក្សប្រជាជនយើង ឲ្យមានភាពរឹងមាំជារៀងរហូតតទៅមុខ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

ក្នុងឱកាសនោះដែរ លោក កៅ ខុនដារ៉ា បានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំប្រទេសទទួលបានសុខសន្តិភាព រំដោះប្រទេស និងប្រជាជនពីរបបប្រល័យពូជសាសន៍ ពុះពារឆ្លងកាត់ឧបសគ្គច្រើន រាប់មិនអស់ ក្នុងរយៈពេល ៤៣ឆ្នាំកន្លងមក ដឹកនាំប្រទេសដើរលើផ្លូវដ៏ត្រឹមត្រូវ និងសម្រេចបាន លទ្ធផលយ៉ាងធំធេងលើគ្រប់វិ័ស័យប្រជាជនបាននិងកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព និងការឯកភាពជាតិ អនុវត្តគោលនយោបាយ ដើម្បីអភិវឌ្ឍឃុំ/សង្កាត់ ឆ្នាំ២០១៧ -២០២២ មានលទ្ធផលល្អប្រសើរ និងរីកចម្រើនគ្រប់វិស័យ សង្រ្គោះជិវិតប្រជាជនពីក្រញាំមច្ចុរាជ តាមរយះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើឲ្យជីវភាពមានលំនឹង អាចប្រកបមុខរបរបាន ជាធម្មតា -ល-។

ជាមួយគ្នានេះ លោក កៅ ខុនដារ៉ា បានថ្លែងអំពាវនាវដល់សមាជិក និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបន្តការអភិវឌ្ឍប្រទេសបានរីកចម្រើន៕