(ភ្នំពេញ)៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ចំនួន៨ឯកសារ នឹងត្រូវចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ី ក្នុងដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ នៅប្រទេសរុស្ស៊ី ចាប់ពី១៧-២១ ខែឧសភា ឆ្នាំ២០១៦។
លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែឧសភានេះមុនចេញដំណើរទៅប្រទេសរុស្ស៊ីថា នៅក្នុងអំឡុងពេលទស្សនកិច្ច របស់សម្តេចនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដល់ទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃទី១៧ ខែឧសភា ហើហនៅថ្ងៃត្រង់ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីរុស៊ី លោក ឌីមីទ្រី មេដវេដេវ ។
លោក ស្រ៊ី ថាមរ៉ុង បានថ្លែងទៀតថា បន្ទាប់មកនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៨ រួមមាន៖ ១-សន្ធិសញ្ញាស្តីពីបត្យាប័ន, ២-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុតិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញាសហព័ន្ធរុស្ស៊ី, ៣-អនុស្សារណៈនៃការយោគយល់ ស្តីពីការសហប្រតិបត្តិការ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន, ៤-អនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការ អូឡាំពិកនៃប្រទេសកម្ពុជា និងរុស្ស៊ី, ៥-សេចក្តីប្រកាសរួម ស្តីពីបញ្ជីសំណើរគម្រោង សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រហូតដល់ឆ្នាំ២០២០, ៦-អនុស្សារណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ថាមពុលនុយក្លែអ៊ែរ, ៧-អនុស្សារណៈ នៃការយោគយល់ ស្តីពីការបង្កើតក្រុមការងាររួម កម្ពុជា-រុស្ស៊ី លើកិច្ចប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលបរមាណូ ក្នុងគោលបំណងសន្តិភាព និង៨-កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំង២។
លោក ស្រ៊ី ថាមរ៉ុង បន្តថា ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយ លោក ទីក្រាន សាំងស៊ីយ៉ាន ប្រធានសភាពសេដ្ឋកិច្ច អ៊ុយរ៉ាស៊ី ដែលសហភាពសេដ្ឋកិច្ច អ៊ុយរ៉ាស៊ី នេះមានសមាជិកប្រទេស៥ មានប្រទេសរុស្ស៊ី ប្រទេសអាម៉ានៀរ ប្រទេសបែលឡារុស ហ្គាហ្សាក់ស្ថាន និងគាស៊ីស្ថាន ហើយកម្ពុជាកំពុងធ្វើការកិច្ច សហប្រតិបត្តិការប្រទេសទាំងនោះ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីពង្រីកទីផ្សាយរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ទីក្រាន សាំងស៊ីយ៉ាន ប្រធានសហភាពសេដ្ឋកិច្ច អ៊ុយរ៉ាស៊ី នឹងចុះហត្ថលេខលើអនុស្សារណៈ នៃការយោគយល់គ្នាមួយផងដែរ។
លោក ស្រ៊ី ថាមរ៉ុង បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៨ ខែឧសភា ពេលព្រឹកសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបជាមួយតំណាងនិស្សិតរបស់កម្ពុជា ដែលកំពុងសិក្សានៅរុស្ស៊ី ដើម្បីឲ្យក្រុមនិស្សិតទាំងនោះ ចូលរួមសម្តែងការគួរសម និងសំណេះសំណាល។ បន្ទាប់មកទៀតសម្តេចតេជោ នៅចេញដំណើរបន្តទៅកាន់ទីក្រុងសូឈី ប្រទេសរុស្ស៊ី។
លោករដ្ឋមន្ត្រីប្រតិភូ បានថ្លែងទៀតថា នៅថ្ងៃទី១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយនឹង លោប្រធានាធិបតី វ្លាឌីមៀរ ពូទីន ។ បន្ទាប់មកទៀត សម្តេចក៏នឹងអនុញ្ញាតឲ្យ លោកនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាម ដែលទើបនឹងចូលកាន់តំណែងថ្មី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងគោលដៅពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២។ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងពិធីជប់លៀងស្វាគមន៍ សម្រាប់ថ្នាក់ដឹកនាំនឹងគណៈប្រតិភូ ដែលចូលរួមក្នុងកិច្ចប្រជុំលើកទី២០ អាស៊ាន-រុស្សី។
លោក ស្រ៊ី ថាមរ៉ុង បញ្ជាក់ទៀថា នៅថ្ងៃទី២០ ខែឧសភា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នឹងចាប់ផ្តើម ហើយកម្មវិធីដំបូងថ្នាក់ដឹកនាំ នៃប្រទេសអាស៊ាន នឹងជួបជាមួយតំណាងវេទិការធុរកិច្ច ដែលជាវេទិកាដ៍សំខាន់មួយសម្រាប់អាស៊ាន និងរុស្ស៊ី ផ្នែកវិនិយោគ។ ថ្ងៃដដែលនោះ កិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម។
នៅថ្ងៃទី២១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដឹកនាំគណៈប្រតិភូ ធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដែលនឹងមកកម្ពុជា នៅថ្ងៃទី២២ ខែឧសភា នៅម៉ោងប្រហែល ៨៖៣០នាទីព្រឹក។
សូមជម្រាបថា គណៈប្រតិភូកម្ពុជា ដែលរួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី រួមមាន៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខន រដ្ឋមន្ត្រីក្រសួងការបទេស, លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ, លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា លោក ស្រ៊ី ថាមរ៉ុង និង លោក កៅ គឹមហួន រួមទាំងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមួយចំនួនទៀត រួមជាមួយនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា៕