(តាកែវ)៖ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបើកយុទ្ធនាការឃោសនាឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ថ្លែងនៅចំពោះមុខសមាជិកគណបក្សប្រជាជន ដែលបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង លោក អ៊ូច ភា បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត ព្រោះការបោះឆ្នោតជូនគណបក្សប្រជាជន មានន័យស្មើនិងការបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

លោក អ៊ូច ភា បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ឆ្នើម ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ ហើយបានធ្វើឲ្យសេដ្ឋកិច្ចគ្រូសាររបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពធូធារជាលំដាប់ ដូច្នេះសូមប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឲ្យឈ្នះភ្លូកទឹកភ្លូកដីនៅការបោះឆ្នោតឃុំសង្កាត់នេះ និងបន្តបោះឆ្នោតតំណាងរាស្រ្តជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំក្រោយបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕