(ភ្នំពេញ)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC បានផ្តល់សិទ្ធិអនុគ្រោះដល់កីឡាចំបាប់កម្ពុជា ដើម្បីមានសិទ្ធិពេញលេញក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ លើកទី៣១ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលដើមខែសីហាខាងមុខ បើទោះបីជាកីឡានេះ បានធ្លាក់ក្នុងវគ្គជម្រុះ នៅប្រទេសតួកគីក៏ដោយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ចំបាប់ជាប្រភេទកីឡា ទី២ ដែលត្រូវបាន IOC ផ្តល់សិទ្ធិអនុគ្រោះ (Wild Card) ក្រៅពីផ្តល់សិទ្ធិអនុគ្រោះដល់កីឡាហែលទឹកកម្ពុជា ២រូប ហើយនោះមានកីឡាការិនី ហែម ថុនវិទីនី និងកីឡាករ ពូ សុវិជ្ជា ក្រោយពិនិត្យឃើញថា ស្ថិតិប្រកួតនៅលើឆាកអន្តរ ជាតិនានាពេលកន្លងមក របស់ពួកគេមានការកើនឡើង។
កីឡាការិនីចំបាប់ ចូវ សុធារ៉ា បានប្រកួតចាញ់កីឡាការិនីម៉ិកស៊ិក Valencia Esc ដោយលទ្ធផល ១២-១ ក្នុងជុំទី១ ក៏ពិតមែន ប៉ុន្ដែក្រោយធ្វើការវាយតម្លៃលើលទ្ធផលជាក់ស្ដែង និងមើលឃើញពីសមត្ថភាពកីឡាការិនីចំបាប់កម្ពុជារូប នេះរួចមក IOC ក៏សម្រេចផ្ដល់សិទ្ធិអនុគ្រោះឲ្យ ចូវ សុធារ៉ា ចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ នៅខែសីហាខាងមុខតែម្ដង ថ្វីបើនាងបានធ្លាក់ត្រឹមវគ្គជម្រុះដំបូងក៏ដោយ។
អគ្គលេខាធិការ NOCC រូបនេះ បានបន្ដថា មកទល់នឹងពេលនេះ មានអត្តពលិកកម្ពុជា ៥នាក់ហើយ ដែលទទួលបាន សិទ្ធិអនុគ្រោះចូលរួមប្រកួតកីឡា Olympic Games នៅប្រេស៊ីលនាពេលខាងមុខ ក្នុងនោះផ្នែកកីឡាចំបាប់ គឺកីឡាការិនី ចូវ សុធារ៉ា រីឯកីឡាហែលទឹករួមមានកីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទិនី រួមទាំងកីឡា អត្តពលកម្ម គឺមានកីឡាករ នីកូ ហ៊ីរ៉ូស្ស៊ី និងកីឡាការិនី លី ណារី។
អ្វីដែលពិសេស សម្រាប់យុទ្ធនាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្ដងឆ្នាំនេះ កម្ពុជាមានអត្តពលិកឆ្នើមម្នាក់ ដែលដណ្ដើមបានសិទ្ធិពេញលេញ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក គឺកីឡាការិនី ស៊ន សៀវម៉ី ដែលនាងឈ្នះមេដាយមាស ពីការប្រកួតជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសាកន្លងទៅ ។ នេះគឺជាប្រវត្តិសាស្ដ្រសម្រាប់វិស័យ កីឡាកម្ពុជា ក្នុងរយៈពេល ៦២ឆ្នាំ ដែលកម្ពុជាទទួលបានសិទ្ធិផ្លូវការបែបនេះ៕