(ស្វាយរៀង)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតដំបូង សមាជិកសមាជិកាគណបក្សជិត៣០០នាក់ដង្ហែក្បួនរកសំឡេងឆ្នោត ដោយមានការចូលរួមពីលោក ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង, លោក ជុក មុន្នី អនុប្រធានទី១ គណៈពង្រឹងជួយក្រុងស្វាយរៀង និងលោក ណុប ចំរើន ប្រធានគណៈកម្មាធិការគណបក្សក្រុងស្វាយរៀង និងលោកបណ្ឌិត កែរ រដ្ឋា ប្រធានគណៈពង្រឹងថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀង ព្រមទាំងក្រុមការងារចុះជួយក្រុងស្វាយរៀងមួយចំនួនទៀតផងដែរ។

ថ្លែងទៅកាន់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាលោកបណ្ឌិត កែរ រដ្ឋា បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់សមាជិកសមាជិកាគណបក្សផងដែរ។

លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងទៅបន្ទាប់ពីជ័យជំនះ ៧មករាឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិ ក្នុងស្ថានភាពមួយដែលវិស័យសេដ្ឋកិច្ចសង្គមចាប់ផ្ដើមស្ថិតនៅក្នុង ចំណុចលេខសូន្យ រហូតមកដល់ការបង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ជាច្រើនរាប់មិនអស់រួមមាន ការរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅនេះវិលវិញ និងផ្តល់សេរីភាពជូនប្រជាពលរដ្ឋវិញ ការរំលត់ភ្លើងសង្គ្រាម បង្កើតបាននូវសុខសន្តិភាពការស្ដារនិងអភិវឌ្ឍប្រទេស ការពារខឿនឯករាជ្យនិងលើកកម្ពស់កិត្យានុភាពជាតិនិងអធិបតេយ្យភាពជាដើម។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ តែងតែទទួលបានជ័យជម្នះគ្រប់អាណត្តិ និងមានឱកាសដឹកនាំប្រទេសជាតិ ឲ្យមានការផ្លាស់ប្ដូរនិងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោកបានបន្តថា នៅតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ។ ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ការកសាងសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្លូវគមនាគមន៍ ការកសាងប្រព័ន្ធស្រោចស្រព លើដីកសិកម្ម សិប្បកម្ម ខ្សែរបណ្តាញអគ្គិសនី។ល។ និងគោលនយោបាយសំខាន់ៗជាច្រើនបម្រើឲ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាជនការផ្ដល់ សេវាសាធារណៈ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំក្នុងគ្រួសារកសិករក្រីក្រ ការផ្ដល់សេវាសុខាភិបាល និងបណ្ដាសេវាដទៃទៀតជាច្រើន សម្រាប់បម្រើឱ្យសំណូមពរ និងតម្រូវការរបស់ប្រជាជន។

សូមបញ្ជាក់ថា នៅខេត្តស្វាយរៀងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥មានចំនួន ៩ គណបក្សដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះដែលមានបេក្ខជនឈរឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ ទាំង៨០ ឃុំ/សង្កាត់ គឺគណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះបេក្ខជន ៨០ ឃុំសង្កាត់, គណបក្សភ្លើងទៀនមានបេក្ខជនឈឈ្មោះ ៧៩ ឃុំ/សង្កាត់។

សម្រាប់ការដង្ហែរក្បួនរកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២១ ខែឧសភានេះដែរ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានដង្ហែក្បួនរកសំឡេងឆ្នោតនៅតាមដងផ្លូវសាធារណៈនានា នៅក្នុងខេត្តស្វាយរៀង រីឯគណបក្សផ្សេងៗទៀត គឺពុំឃើញធ្វើសកម្មភាពដង្ហែក្បួននោះទេ៕