(ភ្នំពេញ)៖ លោក រ័ត្ន ស៊្រាង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលថ្វាយបង្គំទទួលឱវាទព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និង វត្តកែវមុនី និងបាននាំយកថវិកាចំនួន០៨លានរៀល ព្រមទាំងទេយ្យវត្ថុមាន ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន១២០កែស, មី៤០កែស, ត្រីខ០៨កែស និងអង្ករ៤០ការ៉ុង ប្រគេនជូនព្រះសង្ឃដែលគង់នៅក្នងវត្តទាំង២ ដោយសេចក្តីជ្រះថ្លា ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខ ជូនថវិកា ដល់យាយជី តាជី ដោយក្តីនឹករលឹក។

លោក រ័ត្ន ស៊្រាង បានលើកឡើងថា ដោយសារតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យលោកមិនបានចូលមកក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គអស់មួយរយៈធំ តែជាសំណាង ដោយមានទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ទើបធ្វើឲ្យលោកមានឱកាសបានមកថ្វាយបង្គំដល់ព្រះតេជគុណគ្រប់ៗអង្គ។

ហើយលោកក៏មិនភ្លេច អរគុណសន្តិភាព ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពនេះផងដែរ ដែលធ្វើឲ្យប្រជាជន មានឱកាសបានធ្វើបុណ្យគ្រប់ៗគ្នា តាមជំនឿសាសនារៀងៗខ្លួន៕