(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន នៅថ្ងៃទី២០ ខែឧសភានេះ បានផ្តល់ឱកាសឱ្យនិស្សិត ដែលទទួលបានអាហារូបករណ៍បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសអូស្រ្តាលីចំនួន២១រូប បានជួបសម្តែងការគួរសមជាមួយមន្រ្តីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ដើម្បីទទួលយកនូវដំបូន្មានល្អៗយកទៅអនុវត្តក្នុងការសិក្សា និងការរស់នៅក្នុងប្រទេសអូស្ត្រាលី។

ការទទួលជួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល និងសម្តែងការគួរសមនេះលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនិស្សិតទាំងអស់ ដែលត្រូវទៅសិក្សានៅប្រទេសអូស្តា្រលី គឺត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជាទាំងនោះត្រឡប់មកកាន់មាតុភូមិយើងវិញ។

លោកស្រីបានឱ្យដឹងទៀតថា នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ឱកាសឱ្យនិស្សិតអាហារូបកណ៍ ទៅសិក្សាក្រៅប្រទេសបានជួបសំណេះសំណាល និងសម្តែងការគួរសម មុនពេលចាកចេញទៅ ដើម្បីជាចំណេះដឹងមូលដ្ឋានមួយក្នុងការសិក្សារបស់ខ្លួន។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ក៏បានឱ្យដឹងដែរថា ការជួបសម្តែងការគួរសមរបស់ក្រុមនិស្សិតទាំង២១រូបនេះ គឺក្នុងគោលបំណងស្វែងយល់អំពីការងារមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជាផង ក៏ដូចជាការងារពាក់ព័ន្ឋផ្សេងៗទៀត ក្នុងការចូលរួមចំណែកនៅក្នុងសង្គមជាតិ។ ជាពិសេសការអនុវត្តនៅជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ នៅក្នុងពេលបច្ចុប្បន្ននេះ។

លោកស្រីបានឱ្យដឹងទៀតថា និស្សិតទាំងនេះ គឺសុទ្ឋតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការជ្រើសរើសរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក្នុងការទៅសិក្សានៅទីនោះ។

ក្រុមនិស្សិតអាហារូបកណ៍ទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើនូវអនុសាន៍ល្អៗ ដើម្បីយកទៅអនុវត្តក្នុងសិក្សាក្រៅប្រទេស ជាពិសេសអរគុណសន្តិភាព បើមិនសន្តិភាពទេពួកគាត់ ក៏មិនឱកាសក្នុងការសិក្សានោះទេ នេះជាការលើកឡើងរបស់ពួកគាត់។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានណែនាំបន្ថែមទៅដល់និស្សិតទាំងអស់ទៀតថា ទោះយើងទៅដល់ទីណាក៏ដោយ គឺត្រូវតែរក្សាអត្តចរិតលក្ខណៈរបស់យើងឲ្យបានល្អ ថែរក្សាប្រពៃណីរបស់ជាតិ ទាំងការស្លៀកពាក់ជាដើម ដើម្បីបង្ហាញទៅកាន់ពិភពលោក។ ទន្ទឹមនឹងនោះ ក៏សូមជូនពរការសិក្សារៀនសូត្របានសម្រេចដូចបំណង ដើម្បីត្រឡប់មកវិញ ជួយអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងឡើង។

សូមបញ្ជាក់ថានិស្សិតទាំងអស់ក្នុងម្នាក់ៗទទួលបានសៀវភៅបូកសរុបនៅការងារ២០ឆ្នាំ ក្នុងការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សៀវភៅរបាយការណ៍ប្រចាំឆ្នាំ២០២១ រួមទាំងសៀវភៅរបស់ថ្នាក់នាំ ស្តីពីគោលនយោបាយឈ្នះឈ្នះ និងថវិកាមួយចំនួនទៀតផងដែរ៕