(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានការក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសៀមរាប បានប្រាប់ទៅបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងទាំងអស់ ត្រូវក្តាប់ និងគ្រប់គ្រងឱ្យជាប់ចំនួនសមាជិកបក្សឱ្យបានច្បាស់លាស់ ដើម្បីដណ្តើមជ័យជម្នះ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

ការណែនាំបែបនេះ របស់លោក ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ និងសកម្មភាពការងារដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រុងសៀមរាប។

ក្រោយស្តាប់របាយការណ៍របស់ប្រធានគណៈកម្មាធិការបក្សក្រុងសៀមរាបរួច, លោក ឥត សារ៉ាត់ ក៏បានណែនាំឱ្យក្រុមការងារនៅតាមសង្កាត់ទាំង១២ នៃក្រុងសៀមរាប ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យមើលសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរប្រភេទថ្មី ឬមានដែរតែហួសសុពលភាព ឬបាត់ ឬខូច ត្រូវចាត់ចែងជួយពួកគាត់ឱ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោតនៅគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោតឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោក ឥត សារ៉ាត់ ក៏បានណែនាំដល់ថ្នាក់ដឹកនាំដែលទទួលបន្ទុកនៅតាមមូលដ្ឋានត្រូវតែលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនដោយកម្ពុជាសព្វថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្ថែមទៀតជាដើម។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសៀមរាប, លោក ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា «បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា ព្រោះយើងជិះទូកជាមួយគ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ»

បន្ថែមពីនេះ លោក ឥត សារ៉ាត់ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សទាំងអស់ត្រូវខិតខំពង្រឹង សាមគ្គីគ្នាជាធុងមួយ ដើម្បីគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោកក៏បានកោតសសើរចំពោះសមាជិក សមាជិកបក្សក្រុងទាំងអស់ដែលរក្សាបេះដូងគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបាកៀរគអ្នកគាំទ្រមកពីគណបក្សផ្សេងៗ ឱ្យចូលរួមជីវភាពនយោនបាយជាមួយគណបក្យប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសបានបម្រើប្រជាពលរដ្ឋតាមតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន។ បន្ថែមពីនេះ ស្តែងឱ្យឃើញក្នុងដំណាក់កាលរាត្បាតនៃជំងឺកូវីដ១៩ សមាជិក សមាជិកាគណបក្សបានលះបង់គ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺនេះជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាកស្រាំផងដែរ។

បន្ថែមពីនេះ លោក ឥត សារ៉ាត់ ក៏បានលើកឡើងថាក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្ស ត្រូវខិតខំធ្វើយ៉ាងណាដើម្បីបំពេញកាតព្វកិច្ចឱ្យបានល្អ និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្តើមនូវថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ និងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាពិសេសមិនត្រូវធ្វើអ្វីឱ្យមានកំហុសឆ្គងជាដាច់ខាត។

លោក ឥត សារ៉ាត់ បានគូសបញ្ជាក់ថា៖ «យើងត្រូវតែចូលរួមប្រកួតប្រជែងឱ្យបានត្រឹមត្រូវ ដើម្បីអនុវត្តតាមច្បាប់ គឺយើងឈ្នះ ឈ្នះដោយត្រឹមត្រូវ ឈ្នះដោយយុត្តិធម៌ នេះជាការប្តេជ្ញាចិត្តខ្ពស់ណាស់របស់គណបក្សយើង ដូច្នេះយើងត្រូវគោរពច្បាប់នៃការបោះឆ្នោត»

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា របស់គណបក្សដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយក៏បានជំរុញដល់អង្គពិធីទាំងអស់ ឱ្យចូលរួមឱ្យសកម្មបន្ថែមទៀតក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នា ជាផ្នែកមួយដ៏សំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា៕