(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំមួយ ដោយហាមប្រាមចំពោះការលក់ដូរ និងពិសាគ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពោលគឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កន្លងទៅ រាជរដ្ឋាភិបាលបានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កឱ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្ដាលឱ្យបាត់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖

១៖ ប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរូប សហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គឺ ថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹង គ្រប់ប្រភេទ។

២៖ ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអនុវត្តការ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាស នយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា៕