(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា កម្ពុជាគឺជាប្រទេសមានលទ្ធិប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រជាពរដ្ឋមានសិទ្ធិជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត។

លោក សុក ហៃ បានថ្លែងបែបនេះក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅវត្តទួលព្រះធាតុ ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

លោកបានបន្តថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាកម្មវិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវាជាតិនៃការចងចាំ ២០ ឧសភា ត្រូវបានសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា កំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិ នៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុដែលខុសឯកសារអត្តសញ្ញាណប័ណ្ណត្រូវប្រញាប់ទៅបញ្ជាក់ ឯ.អ នៅការិយាល័យគណៈកម្មការឃុំ រៀបចំការបោះឆ្នោតដើម្បីទទួលបានឯកសារសម្រាប់យកទៅបោះឆ្នោត និងសូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងបោះឆ្នោតជូនគណបក្សណាដែលនាំប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍន៍ និងសូមឲ្យយុវជនជាអ្នកបន្តវេន ថែរក្សាសុខសន្តិភាពដែរមានដូចសព្វថ្ងៃនេះ។

លោក សុក ហៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូចជំរុញសូមប្រញាប់ទៅចាក់ឲ្យបានគ្រប់ៗគ្នាដើម្បីជៀសផុតពីជំងឺកូវីដ១៩។

នៅក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា បាននិមន្តព្រះសង្ឃ ក្នុងទីអារាមខាងលើសូត្រមន្តរាប់បាត្រ បង្សុកូល ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃផងដែរ៕